(វ៉ាស៊ីនតោន)៖ ក្រុមមេដឹកនាំអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស នៅក្នុងសហរដ្ឋអាមេរិក បានបង្ហាញការសោកស្ដាយយ៉ាងខ្លាំង ចំពោះនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) ដែលមិនបានចាត់វិធានការប្រឆាំង នឹងសារដុតបញ្ឆេះអំពើហិង្សាបង្ហោះដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយពួកគេបានចាត់ទុកថា ជាការបង្កើតគំរូមួយដ៏គ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ កាលពីប៉ុន្មានថ្ងៃមុននេះ បានបង្ហោះសារដាច់ដោយឡែកពីគ្នាមួយ នៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter និង Facebook ជុំវិញបាតុកម្មតវ៉ា រកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd)។ ប៉ុន្តែសាររបស់លោក ត្រាំ ត្រូវបានក្រុមហ៊ុន Twitter បិទមិនឱ្យឃើញដោយសារតែវាមានលក្ខណៈដុតបញ្ឆេះអំពើហិង្សា។ លោក ត្រាំ បានសរសេរនៅលើសារនោះ ជាមួយការព្រមានប្រើប្រាស់កម្លាំងយោធាដូច្នេះថា «នៅពេលអំពើលួច ឬប្លន់កើតឡើង នោះស្នូរគ្រាប់កាំភ្លើងនឹងបន្លឺឡើង»។
ជុំវិញបញ្ហានេះដែរ ក្រុមមេដឹកនាំអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សធំៗចំនួន ០៣ នៅក្នុងសហរដ្ឋអាមេរិក បានបង្ហាញការសោកស្ដាយយ៉ាងខ្លាំង ចំពោះនាយកប្រតិបត្តិ CEO ក្រុមហ៊ុន Facebook លោក Mark Zuckerberg សម្រាប់ការមិនចាត់វិធានការ ប្រឆាំងនឹងសារបង្ហោះរបស់លោក ដូណាល់ ត្រាំ។ ក្រុមមេដឹកនាំសិទ្ធិមនុស្សទាំងនេះ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ក្រោយពិភាក្សាជាមួយលោក Zuckerberg យ៉ាងដូច្នេះថា «យើងទាំងអស់គ្នាពិតជាសោកស្ដាយយ៉ាងខ្លាំង ចំពោះការពន្យល់ដែលមិនអាចទទួលយកបានរបស់លោក Mark Zuckerberg ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យសាររបស់លោកប្រធានាធិបតី ត្រាំ ដែលញុះញង់ឱ្យមានការប្រើប្រាស់ហិង្សាប្រឆាំងក្រុមបាតុករ នៅតែអាចមើលឃើញនៅលើ Facebook... ដែលនេះគឺជាការបង្កើតគំរូមួយដ៏គ្រោះថ្នាក់»។
គួរជម្រាបថា កាលពីខែឧសភាកន្លែងទៅ លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់បន្ទុកលើបណ្តាញសង្គមនៅសហរដ្ឋអាមេរិក។ បទបញ្ជាប្រតិបត្តិថ្មីខាងលើនេះ គឺជាការផ្តល់អំណាចឲ្យប្រតិបត្តិករអាមេរិក អាចចាត់វិធានការស្របតាមផ្លូវច្បាប់ ទៅលើក្រុមហ៊ុននានាដូចជា Facebook និង Twitter ជាដើម។ ការចុះហត្ថលេខារបស់លោក ត្រាំ បានកើតមានឡើងបន្ទាប់ពីលោកផ្ទុះជម្លោះជាមួយ Twitter ដោយសារតែបែបបទនៅក្នុងបណ្តាញសង្គមដ៏ធំ នៅសហរដ្ឋអាមេរិកមួយនេះ បានដាក់សញ្ញាព្រមានអំពីការពិត ទៅលើសារដែលប្រធានាធិបតីរូបនេះបានបង្ហោះ ឬវាមានន័យថា Twitter បានចាត់ទុកអ្វីដែលលោក ដូណាល់ ត្រាំ បានបង្ហោះនោះជាព័ត៌មានមិនគួរឲ្យទុកចិត្ត៕