(វ៉ាស៊ីនតោន)៖ ការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនអាមេរិកបានចុះឈ្មោះបោះឆ្នោតភាគច្រើន បានគាំទ្រចំណាត់ការប្រើប្រាស់កងកម្លាំងឆ្មាំជាតិ (កងកម្លាំងឆ្មាំការពារប្រចាំនៅតាមរដ្ឋនីមួយៗ) ដើម្បីបញ្ចប់ភាពចលាចល នៅតាមបណ្ដាទីក្រុងទូទាំងសហរដ្ឋអាមេរិក ដែលកំពុងញំញីដោយសារបាតុកម្មតវ៉ា បង្កឡើងដោយសារការស្លាប់នៃបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd)។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Media Ite នៅព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។
បើតាមការស្ទង់មតិធ្វើឡើងដោយ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Morning Consult ប្រជាជនអាមេរិកដែលបានចុះឈ្មោះបោះឆ្នោតតែ ១៨ភាគរយប៉ុណ្ណោះ បានប្រឆាំងនឹងចំណាត់ការប្រើប្រាស់កងកម្លាំងឆ្មាំជាតិ ខណៈ៧២ភាគរយ ឬ ៧នាក់ក្នុងចំណោម ១០នាក់គាំទ្រចំណាត់ការនេះ។ ម្យ៉ាងវិញទៀត ក្នុងចំណោមពួកគេមាន ៤២ភាគរយ គាំទ្រពេញទំហឹង និង ៥៨ភាគរយគាំទ្រការអំពាវនាវឱ្យយោធាអាមេរិក (កងទ័ពសហព័ន្ធ) ធ្វើអន្តរាគមន៍ ហើយ ៣០ភាគរយបង្ហាញការជំទាស់។
មកទល់នឹងនេះ បាតុកម្មតវ៉ាដ៏ហិង្សានៅទូទាំងសហរដ្ឋអាមេរិក បានឈានចូលដល់ថ្ងៃទី ៨ជាប់ៗគ្នាហើយ ខណៈអភិបាលរដ្ឋ មីននីសូតា (Minnesota) និងរដ្ឋមួយចំនួនទៀត ក្នុងនោះរួមមាន រដ្ឋកាលីហ្វ័រញ៉ា, តិចសាស់ និងវ៉ាស៊ីនតោនស្ទេតផងដែរ បានស្នើសុំជំនួយពីកងកម្លាំងឆ្មាំជាតិអាមេរិក ដើម្បីដោះស្រាយបញ្ហាបាតុកម្ម ដែលបានផ្ទុះឡើងក្រោយបុរសស្បែកខ្មៅ George Floyd ត្រូវបានប៉ូលិសសែ្បកសម្នាក់ក្នុងទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋ Minnesota សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ កាលពីថ្ងៃចន្ទសប្ដាហ៍មុន ដោយសារតែការចោទប្រកាន់រឿងចាយលុយក្លែងក្លាយ ២០ដុល្លារ។
ប្រឈមមុខនឹងភាពចលាចល ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះក៏បានប្រកាសដែរថា លោកអាចនឹងពិចារណាប្រើប្រាស់កម្លាំងយោធា នៅក្នុងករណីដែលទីក្រុង ឬរដ្ឋណាមួយនៅទាំងសហរដ្ឋអាមេរិកបរាជ័យ ឬក៏បដិសេធការចាត់វិធានការសកម្មភាពចាំបាច់នានា ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាជនរបស់ពួកគេនោះ។
គួរបញ្ជាក់ថា ការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Morning Consult ក៏បានបង្ហាញថា ប្រជាជនអាមេរិក ៣២ភាគរយ គាំទ្រការដោះស្រាយបញ្ហារបស់លោក ដូណាល់ ត្រាំ, ៤៥ភាគរយមិនគាំទ្រ, ១១ភាគរយយល់ថា អ្វីដែលលោកកំពុងធ្វើជារឿងត្រឹមត្រូវ និង ១២ភាគរយផ្សេងទៀតមិនមានយោបល់អ្វីទាំងអស់៕