(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ឧទ្ធម្ភាគចក្រមួយគ្រឿងបានហោះទាក់ខ្សែភ្លើងបណ្តាលឲ្យធ្លាក់ និងផ្តាច់ជីវិតមនុស្សជិះនៅលើនោះទាំងអស់ ០៣នាក់ ខណៈខ្សែភ្លើងបានដាច់នាំឲ្យប្រជាជន រាប់ម៉ឺននាក់នៅតំបន់ហ្វ៊ែរហ្វៀល (Fairfield) ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក គ្មានអគ្គិសនីប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។
អាជ្ញាធរក្នុងតំបន់ខាងលើនេះបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបានធ្លាក់ ជាប្រភេទ Bell 206។ សម្រាប់មូលហេតុនៃគ្រោះថ្នាក់ខាងលើនេះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ ប៉ុន្តែបើអាជ្ញាធរក្នុងតំបន់ ឧទ្ធម្ភាគចក្រខាងលើនេះទំនងជាបានហោះទាក់ខ្សែភ្លើង ឬក៏អាចធ្លាក់មកចំខ្សែភ្លើងតែម្តងបណ្តាលឲ្យវាធ្លាក់ និងផ្ទុះឆេះបង្កទៅជាផ្សែងហុយយ៉ាងខ្មួលខ្មាញ់ កាលពីវេលាម៉ោង ១៖៣០នាទីរសៀលថ្ងៃអង្គារ (ម៉ោងនៅសាន់ហ្វ្រាន់ស៊ីស្កូ)៕