(ប៊ែរឡាំង)៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអាល្លឺម៉ង់ លោក រីឆាដ ហ្គ្រេណែល (Richard Grenell) បានប្រកាសលាលែងចេញពីតំណែងហើយ ខណៈមន្ត្រីរងរបស់លោកឈ្មោះ រ៉ូប៊ីន ឃ្វីលវាល (Robin Quinville) នឹងឡើងកាន់តំណែងជាអគ្គរដ្ឋទូតស្តីទី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។
ការលាលែងចេញពីតំណែងរបស់លោក Richard Grenell មិនត្រូវបានបញ្ជាក់អំពីមូលហេតុ ឲ្យបានច្បាស់លាស់នោះឡើយ ប៉ុន្តែមានការរំពឹងថា លោកនឹងទៅជួយដល់យុទ្ធនាការឃោសនាបោះឆ្នោត របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ចាប់ពីថ្ងៃនេះតទៅលោក Robin Quinville ក្នុងនាមជាអគ្គរដ្ឋទូតស្តីទី នឹងត្រូវគ្រប់គ្រងការងារជាបណ្តោះអាសន្ន រហូតដល់ឯកអគ្គរដ្ឋទូតអាមេរិកថ្មីត្រូវជ្រើសតាំង។
គួរបញ្ជាក់ថា អំឡុងការកាន់តំណែងជាអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសអាល្លឺម៉ង់ជាង ២ឆ្នាំមកនេះ លោក Richard Grenell ត្រូវបានសារព័ត៌មានអាល្លឺម៉ង់ដាក់រហស្សនាមឲ្យថា «មន្ត្រីទូតដ៏គគ្លើន មិនប្រក្រតី និងឈ្លើយ» ខណៈលោកត្រូវបានចាត់ទុកជាអ្នក អនុវត្តនយោបាយរបស់លោក ដូណាល់ ត្រាំ ចំពោះមុខអាល្លឺម៉ង់ និងអឺរ៉ុប។ កាលពីខែឧសភា ឆ្នាំ២០១៨ ក្រោយពីបានឡើងកាន់តំណែងភ្លាមៗ លោក Richard Grenell ព្រមានមិនឲ្យក្រុមហ៊ុននានារបស់អាល្លឺម៉ង់រកស៊ីជាមួយអ៉ីរ៉ង់ ខណៈក្រោយមកទៀតក៏បានកើតមានជម្រិតអាល្លឺម៉ង់ ឲ្យបង់ថ្លៃការពារបន្ថែមដល់អាមេរិក និងការព្រមានដកទ័ពអាមេរិក ចេញពីអាល្លឺម៉ង់ថែមទៀតផង៕