(ញូដេលី)៖ កម្មវិធី (App) របស់ឥណ្ឌាមួយមានឈ្មោះថា Remove China Apps នៅក្នុង App Store របស់ Google បានទទួលការដោនឡូដសរុបរហូតដល់ទៅជាង ៥លានដងហើយ តាមរយៈទិន្នន័យដែលបង្ហាញនៅលើកម្មវិធី App នោះផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CNA នាព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។
ដើមចមដែលធ្វើឲ្យ App របស់ឥណ្ឌាមួយនេះ មានភាពល្បីល្បាញខ្លាំងក្នុងប្រទេសរបស់ខ្លួននោះ ក៏ព្រោះតែមួយរយៈចុងក្រោយនេះ បញ្ហាជម្លោះព្រំដែនរវាងចិន និងឥណ្ឌា នៅតំបន់ជួរភ្នំហិម៉ាល័យ កាន់តែតានតឹងខ្លាំងឡើង ហើយក្រុមជាតិនិយមជ្រុលមួយចំនួនបានបំផុសឲ្យមានការប្រឆាំង ទៅនឹងការប្រើប្រាស់រាល់ផលិតផលទាំងអស់ ដែលមានប្រភពដើមពីប្រទេសចិន។
ទោះជាបែបនេះក្តី ក្រុមហ៊ុន OneTouch AppLabs មានមូលដ្ឋាននៅទីក្រុងចៃភួ (Jaipur) ភាគខាងលិចប្រទេសឥណ្ឌា ដែលជាម្ចាស់ App ប្រឆាំងចិនខាងលើនេះ មិនបានធ្វើការបកស្រាយណាមួយនោះឡើយ នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មាន ក៏ប៉ុន្តែនាពេលកន្លងមកនេះ អ្នកប្រើប្រាស់ App ដែលមានឈ្មោះថា Remove China Apps ធ្លាប់បានបញ្ជាក់ថា វាជាគំនិតផ្តួចផ្តើមដំបូងមួយឈានឆ្ពោះទៅរក «ឥណ្ឌាដែលពឹងលើខ្លួនឯង»។
គួរបញ្ជាក់ថា ទាំងក្រុមហ៊ុន ByteDance និង Alibaba របស់ចិន មិនទាន់អាចធ្វើការអត្ថាធិប្បាយណាមួយ ចំពោះបញ្ហាខាងលើនេះនៅឡើយទេ ខណៈស្ថានទូតចិនប្រចាំនៅប្រទេសឥណ្ឌាវិញ ក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីដែរ។ កន្លងមកនេះ អ្នកនយោបាយឥណ្ឌាក៏បានបង្ហាញការប្រឆាំង ទៅនឹងកម្មវិធីកម្សាន្តល្បីឈ្មោះមួយរបស់ចិនផងដែរ នោះគឺ TikTok ដោយអះអាងថា កម្មវិធីនេះកំពុងពង្វក់មនុស្ស និងជាឈ្នាន់ស៊ើបការណ៍សម្ងាត់របស់ចិនថែមទៀតផង៕