(ស៊ីដនី)៖ អ្នកសារព័ត៌មានម្នាក់ និងអ្នកថតវីដេអូម្នាក់ ជនជាតិអូស្ត្រាលី ត្រូវបានរងការវាយធ្វើបាប ដោយប៉ូលិសអាមេរិក នៅអំឡុងពេលបាតុកម្មមួយ នៅរដ្ឋធានី Washington D.C. នាថ្ងៃអង្គារនេះ បានបណ្តាលឲ្យនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានចេញបញ្ជាឲ្យមានការស៊ើបអង្កេត ទៅលើឧប្បត្តិហេតុនេះ។
សារព័ត៌មានស៊ិនហួរ ចេញផ្សាយនាយប់ថ្ងៃទី២ ខែមិថុនានេះ បានឲ្យដឹងថា ក្រុមអ្នកសារព័ត៌មាន កំពុងធ្វើការផ្សាយផ្ទាល់ នៅពេលដែលមានការតវ៉ាដ៏ធំមួយនៅជិតសេតវិមាន។
តាមរយៈវីដេអូ បានបង្ហាញថា ដំបូងឡើយប៉ូលិស បានវាយទៅលើបុរសជាអ្នកថតវីដេអូ ដោយប្រើរបាំងការពារកុប្បកម្ម និងកណ្តាប់ដៃ បន្ទាប់មកក៏បានវាយទៅលើស្ត្រីជាអ្នកសារព័ត៌មាន ជាមួយនឹងដំបងប៉ូលិស។
លោក Morrison បានទាក់ទងទៅ ស្ថានទូតអូស្រ្តាលី នៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក ដោយណែនាំឲ្យធ្វើការស៊ើបអង្កេត ទៅលើឧប្បត្តិហេតុនេះ។
អ្នកដែលនៅជិតអ្នកសារព័ត៌មានទាំងពីររូប ដែលមកពីស្ថាប័នសារព័ត៌មាន 7News របស់អូស្ត្រាលីនេះ បានប្រាប់ឲ្យដឹងថា ប៉ូលិស បានវាយធ្វើបាបលើពួកគេ បើទោះបីជាពួកគេបានបង្ហាញថា ខ្លួនជាក្រុមអ្នកសារព័ត៌មានក៏ដោយ៕