(ញូយ៉ក)៖ មនុស្សយ៉ាងហោច២០០នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន នៅក្នុងទីក្រុងញូយ៉ក មុននឹងបទបញ្ជាបម្រាមគោចរចូលជាធរមាន នៅម៉ោង១១៖០០នាទីយប់ ថ្ងៃចន្ទសប្ដាហ៍នេះ(ម៉ោងនៅទីក្រុងញូយ៉ក)។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០។
បើតាមកាសែតអាមេរិក New York Times ភាគច្រើននៃអ្នកដែលត្រូវបានឃាត់ខ្លួន គឺជាចោរដែលឆ្លៀតឱកាសចូលលួចទំនិញ នៅតាមហាងជាច្រើនក្នុងតំបន់ Midtown Manhattan កំឡុងពេលចលាចលនៃបាតុកម្មទាមទាររកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ George Floyd។ បម្រាមគោចរដែលចូលជាធរមាននៅយប់ថ្ងៃចន្ទ ហើយនឹងត្រូវអស់សុពលភាពនៅម៉ោង៥៖០០នាទីព្រឹក ថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងញូយ៉ក)។ បម្រាមគោចរនេះត្រូវបានលើកលែងសម្រាប់អ្នកធ្វើការងារ ក្នុងវិស័យសំខាន់ៗ, ជនគ្មានផ្ទះសម្បែង និងអ្នកស្វែងរកសេវាមន្ទីរពេទ្យព្យាបាលជំងឺ។
គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះ មនុស្ស១,២០០នាក់ នៅក្នុងទីក្រុងញូយ៉ក ត្រូវបានឃាត់ខ្លួន និងប៉ូលិស៤០នាក់ រងរបួសចាប់តាំងពីបាតុកម្មផ្ទុះឡើងអស់រយៈ ពេល៥ថ្ងៃកន្លងមក ក្នុងទីក្រុងមួយនេះ៕