(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិកយ៉ាងហោច៥នាក់ ត្រូវបានគេបាញ់ប្រហារ កំឡុងបាតុកម្មដ៏ហិង្សាដែលកំពុងផ្ទុះឡើងទូទាំងសហរដ្ឋអាមេរិក តែប៉ុន្មាម៉ោង ប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានប្រើប្រាស់កម្លាំងយោធាបង្រ្កាបក្រុមកុបករ និងបញ្ចប់ភាពចលាចល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០។
បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ក្រុមបាតុករមួយចំនួន បានគប់ភ្លើងចូលផ្សារទំនើបមួយកន្លែង នៅក្នុងទីក្រុងឡូស អាន់ជែល ឡែស, ចូលលួច និងប្លន់ហាងទំនិញជាច្រើននៅក្នុងទីក្រុង ញូយ៉ក ហើយបានប៉ះទង្គិចគ្នាដោយហិង្សាជាមួយប៉ូលិស នៅក្នុងទីក្រុង St Louis នៃរដ្ឋ Missouri ជាទីដែលមន្ត្រីប៉ូលិស ៤នាក់ត្រូវបានគេបាញ់ឱ្យរបួស។ មន្ត្រីប៉ូលិសម្នាក់ទៀត ក៏បានរងការបាញ់ប្រហារផងដែរ កំឡុងបាតុកម្មតវ៉ា នៅក្នុងទីក្រុង ឡាស់ វីហ្គាស់ (Las Vegas)។ ប៉ុន្តែខាងប៉ូលិសមិនទាន់ធ្វើការអត្ថាធិប្បាយអ្វីពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះនៅឡើយទេ។
គួរជម្រាបថា នៅថ្ងៃចន្ទសប្ដាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថាលោកនឹងដាក់ពង្រាយកម្លាំងយោធា ដើម្បីបញ្ចប់ភាពចលាចល បច្ចុប្បន្ន បើសិនជាបាតុកម្មតវ៉ាដ៏ហិង្សានៅតែបន្តកើតមាន។ បាតុកម្មនៅក្នុងសហរដ្ឋអាមេរិក បានផ្ទុះឡើងក្រោយបុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd ត្រូវបានប៉ូលិសស្បែកសម្នាក់ ក្នុងទីក្រុង Minneapolis យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់កាលពីថ្ងៃចន្ទសប្ដាហ៍មុន ដោយសារតែរឿងទិញបារីមួយ កញ្ចប់ជាមួយក្រដាសប្រាក់ក្លែងក្លាយ២០ដុល្លារ៕