(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថាលោកបាន និងកំពុងបញ្ជូនកងទ័ពប្រដាប់ដោយអាវុធធុនធ្ងន់ និងប៉ូលិសរាប់ពាន់នាក់ ដើម្បីទប់ស្កាត់បាតុកម្មតវ៉ាដ៏ហិង្សាយ៉ាងជោគជាំនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាទីដែលអគារ និងហាងទំនិញជាច្រើនរងការបំផ្លិចបំផ្លាញ។
២៖ ការរកឃើញករណីឆ្លងជាចង្កោមចំនួន ០៩នាក់ថ្មីនៃ COVID-19 នៅហុងកុង បានបង្កឲ្យមានក្តីបារម្ភថា ការឆ្លងក្នុងសហគមន៍អាចបានកើតឡើងនៅក្នុងទីក្រុងនេះ បន្ទាប់ពីហុងកុងត្រូវគេកោតសរសើរពីភាពជោគជ័យ ក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺ COVID-19។
៣៖ ប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះកំពុងប្រឈមមុខការវាយប្រហារ ដោយព្យុះស៊ីក្លូនថ្មីមួយផ្សេងទៀតហើយ ស្របពេលដែលស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសខ្លួន នៅមិនទាន់មានភាពធូរស្រាលនៅឡើយ។
៤៖ បុរសស្បែកខ្មៅអាមេរិកដែលមិនមែនជាបាតុករផងនោះ ត្រូវបានអាជ្ញាធរប៉ូលិសអាមេរិកបាញ់បណ្តាលឲ្យស្លាប់ ពេលអាជ្ញាធរបំបែក ក្រុមបាតុករនៅទីតាំងមួយកន្លែងក្នុងទីក្រុង ល្វីសវាល (Louisville) នៃរដ្ឋខិនទុកឃី (Kentucky) នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។
៥៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃអង្គារនេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានរកឃើញករណីស្លាប់ថ្មីៗ ដោយសារជំងឺ COVID-19 ចំនួន ២០៤នាក់បន្ថែមទៀត ខណៈករណីឆ្លងថ្មីៗចំនួន ៨,១៧១ករណី ក៏ត្រូវបានរាយការណ៍នៅក្នុងរយៈពេលដូចគ្នានេះដែរ។
៦៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៥ករណីបន្ថែមទៀត ដែលសុទ្ធតែជាប្រភេទនាំចូលពីក្រៅប្រទេស៕