(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះបានព្រមានថា លោកនឹងដាក់ពង្រាយកងទ័ពនៅទូទាំងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី និងជំរុញឱ្យអភិបាលរដ្ឋទាំងអស់ ធ្វើយ៉ាងណាគ្រប់គ្រងស្ថានការណ៍ឱ្យបាន ជាមួយការដាក់ពង្រាយកងកម្លាំងឆ្មាំជាតិ ហើយបើសិនជាពួកគេជំទាស់ នោះលោកនឹងបញ្ជូនកងទ័ពទៅកាន់ទីក្រុងទាំងអស់ នៅក្នុងសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាជំនួសពួកគេ។
ការព្រមានដាក់ពង្រាយកងទ័ពរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងសុន្ទរកថាមួយ ទៅកាន់ប្រជាជាអាមេរិកនៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោក ត្រាំ លើកឡើងនាឱកាសនោះដូច្នេះថា «ប្រសិនបើទីក្រុង ឬរដ្ឋទាំងអស់មិនព្រមចាត់វិធានការចាំបាច់ ដើម្បីការពារជីវិតមនុស្ស និងទ្រព្យសម្បត្តិនៃប្រជាជនរបស់ពួកគេទេ នោះខ្ញុំនឹងដាក់ពង្រាយកងទ័ព ដើម្បីដោះស្រាយបញ្ហាជំនួសពួកគេបានឱ្យឆាប់រហ័ស»។
ក្រោយការព្រមានបែបនេះ ការជជែកដេញដោលជាច្រើនបានផ្ទុះឡើងជុំវិញថា តើលោក ដូណាល់ ត្រាំ មានអំណាចស្របច្បាប់ដាក់ពង្រាយកងទ័ព ដើម្បីបង្ក្រាបាតុកម្មតវ៉ា ឬបញ្ជូនកងទ័ពទៅកាន់បណ្ដាទីក្រុង និងរដ្ឋនៅក្នុងសហរដ្ឋអាមេរិកបានដែរឬទេ? ការព្រមានប្រើប្រាស់កងទ័ពនៅលើទឹកដីអាមេរិករបស់លោក ត្រាំ គឺមានចែងនៅក្រោមច្បាប់ប្រឆាំងការបះបោរមួយ (Insurrection Act)។ ផ្នែកខ្លះនៃច្បាប់នេះតម្រូវថា ការដាក់ពង្រាយកងទ័ពធ្វើឡើងទាល់តែមានការស្នើសុំជំនួយ ពីបណ្ដារដ្ឋណាមួយជាមុនសិន ខណៈផ្នែកខ្លះទៀតបានចែងថា មិនចាំបាច់តម្រូវឱ្យមានការយល់ព្រម ឬស្នើសុំជំនួយពីអភិបាលក្រុង និងរដ្ឋនោះទេ ក្នុងករណីដែលប្រធានាធិបតីអាមេរិកកំណត់ថា ស្ថានភាពនៅក្នុងរដ្ឋណាមួយ រារាំងមិនឱ្យមានការអនុវត្តច្បាប់អាមេរិក ឬក៏សិទ្ធិពលរដ្ឋរងការបំពានធ្ងន់ធ្ងរដោយសកម្មភាពបះបោរ។
* តើអ្វីទៅជាច្បាប់ប្រឆាំងការបះបោរ Insurrection Act?
ច្បាប់ប្រឆាំងការបះបោរ Insurrection Act ត្រូវបានបង្កើតក្នុងឆ្នាំ១៨០៧ និងចុះហត្ថលេខាដោយអតីតប្រធានាធិបតីទី៣របស់សហរដ្ឋអាមេរិក លោក ថូម៉ាស់ ចេហ្វហ្វឺសុន (Thomas Jefferson)។ ច្បាប់នេះអនុញ្ញាតឱ្យប្រធានាធិបតីប្រើប្រាស់កម្លាំងយោធា ឬកងទ័ព ដើម្បីបង្រ្កាបសកម្មភាពបះបោរ ឬចលនាឧទ្ទាមប្រឆាំងរដ្ឋអំណាចនៅក្នុងស្រុក។
* តើច្បាប់ Insurrection Act មានចែងពីអ្វីខ្លះ?
បើតាមផ្នែក ២៥១ នៃច្បាប់ Insurrection Act រដ្ឋទាំងអស់នៅក្នុងសហរដ្ឋអាមេរិក អាចស្នើសុំជំនួយពីប្រធានាធិបតី ដែលមានសិទ្ធិអំណាចដាក់ពង្រាយកងទ័ព សហព័ន្ធមួយចំនួនតាមសំណើស្នើសុំ។ ប្រធានាធិបតីក៏មានអំណាចប្រើប្រាស់កម្លាំងសហព័ន្ធ ដើម្បីបង្រ្កាបចលនាឧទ្ទាមផងដែរ។
ផ្នែក២៥២៖ ប្រធានាធិបតីត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ កងកម្លាំងប្រដាប់អាវុធសហព័ន្ធ ឬក៏កម្លាំងប្រដាប់អាវុធប្រចាំរដ្ឋនានា ដើម្បីពង្រឹងអំណាចសហព័ន្ធ នៅពេលដែលសកម្មភាពខុសច្បាប់ ឬចលនាឧទ្ទាមបង្កឧបសគ្គ ឬក៏រារាំងដល់ការអនុវត្តច្បាប់សហព័ន្ធជាប្រក្រតី នៅក្នុងរដ្ឋទាំងឡាយ។
ផ្នែក២៥៣៖ ប្រធានាធិបតីអាចប្រើប្រាស់ច្បាប់ Insurrection Act បើសិនជាចលនាឧទ្ទាម អំពើហិង្សា និងទង្វើក្បត់ណាមួយបំផ្លាញដល់ការអនុវត្តច្បាប់សហព័ន្ធ ឬក៏សិទ្ធិពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ រងការរំលោភបំពានធ្ងន់ធ្ងរ។ ប្រធានាធិបតីក៏អាចប្រើប្រាស់ច្បាប់នេះផងដែរ នៅក្នុងករណីដែលអាជ្ញាធរដ្ឋមិនមានសមត្ថភាព ឬបរាជ័យ ឬក៏បដិសេធការពារសិទ្ធិ សិទ្ធិឯកជន និងអភ័យឯកសិទ្ធិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ឬដោយច្បាប់។
ផ្នែក២៥៤៖ ប្រធានាធិបតី ត្រូវតែបញ្ជាឱ្យក្រុមឧទ្ទាម ឬអ្នកបះបោរបំបែកហ្វូង និងត្រឡប់ទៅផ្ទះវិញ ដោយសន្តិវិធីនៅពេលធ្វើសកម្មភាពនៅក្រោមច្បាប់នេះ។
* តើអតីតប្រធានាធិបតីអាមេរិកណាខ្លះធ្លាប់ប្រើច្បាប់ Insurrection Act?
អតីតប្រធានាធិបតីលោក ដ្វៃ អេសិនហូវើ (Dwight D. Eisenhower) បានប្រើប្រាស់ច្បាប់ Insurrection Act ដើម្បីការពារនិស្សិតអាមេរិកដើមកំណើតអាហ្វ្រិកមួយក្រុមមានគ្នា ០៩នាក់ ឬគេស្គាល់ជាទូទៅថា Little Rock Nine។ លោកប្រធានាធិបតី លីដុន ចនសុន (Lyndon B. Johnson) បានប្រើច្បាប់នេះកំឡុងកុបកម្មដ៏ហិង្សានៅឆ្នាំ១៩៦៨ នៅក្នុងរដ្ឋធានី Washington, D.C., ទីក្រុងបាលទីម័រ (Baltimore) និងទីក្រុង ឈីកាហ្គោ (Chicago) ក្រោយមេដឹកនាំទាមទារសេរីភាពលោក ម៉ាទី លូសឺ ឃីង (Martin Luther King) ត្រូវបានគេធ្វើឃាត។ ចំណែកឯអតីតប្រធានាធិបតីអាមេរិកលោក ចច ប៊ូស (George H.W. Bush) ក៏ធ្លាប់ប្រើប្រាស់ច្បាប់ Insurrection Act ផងដែរ ដើម្បីបង្រ្កាបកុបកម្មក្នុងទីក្រុង ឡូសអាន់ជែលឡែសក្នុងឆ្នាំ១៩៩២ ដែលផ្ទុះឡើងក្រោយបែកធ្លាយវីដេអូបុរសម្នាក់ឈ្មោះ រ៉ូដនី ឃីង (Rodney King) ត្រូវបានក្រុមមន្ត្រីឡូស អាន់ជែលឡែស LAPD វាយធ្វើបាប។
គួរបញ្ជាក់ថា បាតុកម្មរកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ ចន ហ្វ្លយដ៍ (George Floyd) ដែលក្លាយជាកុបកម្មដ៏ហិង្សានៅទូទាំងសហរដ្ឋអាមេរិក បានឈានចូលដល់ថ្ងៃទី ៧ ហើយ ដោយមកទល់នឹងពេលមនុស្សយ៉ាងហោចណាស់ជាង ៤,០០០នាក់ត្រូវបានឃាត់ខ្លួន។ George Floyd ត្រូវបានប៉ូលិសក្នុងទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋមីននីសូតា (Minnesota) យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ ដោយសារទិញបារីមួយកញ្ចប់ជាមួយក្រដាសប្រាក់ ដែលអ្នកលក់សង្ស័យថាក្លែងក្លាយចំនួន ២០ដុល្លារ៕
ប្រភព៖ CNN និង Fox News (ថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០)