(អាមេរិក)៖ បាតុកម្មនៅសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមដំបូងកាលពីសប្តាហ៍មុន ដើម្បីឆ្លើយតបចំពោះការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ក្រោមស្នាដៃប៉ូលិសស្បែកសអាមេរិក នៅទីក្រុង Minneapolis នៃរដ្ឋ Minnesota ហាក់កំពុងប្រែក្លាយទៅជាភាពចលាចលកាន់តែអាក្រក់ឡើងៗ។
កំឡុងបាតុកម្មខ្ទង់មួយសប្តាហ៍កន្លងមកនេះ ក្រោមគោលដៅទាមទាររកយុត្តិធម៌ឲ្យលោក Floyd ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងលួចរបស់របរនៅតាមហាង ក៏បានកើតមានឡើងផងដែរ នៅតាមទីក្រុងក៏ដូចជារដ្ឋជាច្រើន នៅអាមេរិក។ យោងតាមឃ្លីបវីដេអូមួយដែលត្រូវបានចែកចាយតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក គេឃើញហាងរថយន្ត Mercedes-Benz មួយកន្លែងនៅទីក្រុងអូកលែន (Oakland) នៃរដ្ឋកាលីហ្វរញ៉ា រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
គួរជម្រាបថា ក្នុងឃ្លីបវីដេអូនោះ រថយន្តយ៉ាងតិចមួយគ្រឿង ត្រូវបានក្រុមបាតុករដុតឲ្យឆេះ និងជាច្រើនគ្រឿងទៀត ត្រូវបានវាយបំផ្លាញ។ បើតាមប្រភពព័ត៌មាន ហាងលក់រថយន្តនេះ មិនមែនជាកន្លែងតែមួយគត់ ដែលបានទទួលរងការបំផ្លិចបំផ្លាញយ៉ាងអនាធិបតេយ្យពីពួកក្រុមបាតុករឡើយ គឺហាងជាច្រើនផ្សេងទៀតនៅទីក្រុង Oakland ក៏បានជួបវាសនាដូចគ្នាដែរ៕