(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃអង្គារនេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានរកឃើញករណីស្លាប់ថ្មីៗ ដោយសារជំងឺ COVID-19 ចំនួន ២០៤នាក់បន្ថែមទៀត ខណៈករណីឆ្លងថ្មីៗចំនួន ៨,១៧១ករណី ក៏ត្រូវបានរាយការណ៍នៅក្នុងរយៈពេលដូចគ្នានេះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០។
បើបូកបន្ថែមលើតួលេខខាងលើ វាធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌាកើនដល់ ១៩៨,៧០៦ករណី ដោយក្នុងនោះអ្នកជំងឺ ៥,៥៩៨នាក់បានស្លាប់ និង ៩៥,៥២៧នាក់ទៀតបានជាសះស្បើយឡើងវិញ។ ប្រការនេះវាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺ ដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ៩៧,៥៨១នាក់។
ដំណាក់កាលទី ៥ នៃវិធានការបិទទ្វារនៅទូទាំងប្រទេស បានចូលជាធរមានចាប់ពីថ្ងៃចន្ទនេះតទៅ ជាមួយនឹងការបន្ធូរបន្ថយនូវការរឹតត្បិត និងអនុញ្ញាតឲ្យបើកដំណើរនៃសកម្មភាពសេដ្ឋកិច្ចជាដំណាក់កាល។ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការបិទទ្វារប្រទេសខាងលើនេះ តាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19។ ប៉ុន្តែស្ថានការណ៍ COVID-19 នៅក្នុងប្រទេស ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី ២ លើលោកមួយនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និងកាន់តែកើនឡើងថែមទៀត៕