(អាមេរិក)៖ សមាជិកសភានៅអាមេរិក កំពុងត្រៀមបញ្ចេញសេចក្តីព្រាងច្បាប់មួយ ដែលនឹងលុបចោលការការពារដោយឥតលក្ខខណ្ឌ ចំពោះមន្រ្តីប៉ូលិសទាំងអស់កន្លងមក។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០។
សេចក្តីព្រាងច្បាប់នោះនឹងអនុញ្ញាតឲ្យជនរងគ្រោះ ដាក់ពាក្យបណ្តឹងប្រឆាំងទៅលើមន្រ្តីប៉ូលិស ប្រសិនបើពួកគេធ្វើទង្វើផ្ទុយពីច្បាប់ ហើយនឹងតម្រូវឲ្យប៉ូលិសទាំងនោះអនុវត្តតាមសេចក្តីសម្រេចនានារបស់តុលាការ។ យោងតាមច្បាប់សព្វថ្ងៃ មន្រ្តីប៉ូលិសនៅសហរដ្ឋអាមេរិក ត្រូវបានការពារពីការផ្តល់សំណងដល់ជនរងគ្រោះ ឬក្រុមគ្រួសាររបស់ជនរងគ្រោះ បើទោះបីជាតុលាការកាត់សេចក្តីថា ពួកគេបានបំពានសិទ្ធិជនស៊ីវិលក៏ដោយ។
ការត្រៀមបញ្ចេញសេចក្តីព្រាងច្បាប់នេះ បានកើតនមានឡើង ស្របពេលដែលការធ្វើបាតុកម្មកំពុងតែអុកឡុកសហរដ្ឋអាមេរិក ក្រោយការស្លាប់របស់លោក ចច ហ្វ្លយដ៍ (George Floyd) ជាបុរសស្បែកខ្មៅអាមេរិក ដែលបានស្លាប់ក្រោមស្នាដៃប៉ូលិសស្បែកសអាមេរិក នៅទីក្រុងមីននាផូលីស (Minneapolis) នៃរដ្ឋ មីននីសូតា (Minnesota) កាលពីដើមសប្តាហ៍មុន។
គួរជម្រាបថា លោក ឌែរែក ឆូវីន (Derek Chauvin) ជាអតីតមន្រ្តីប៉ូលិសទីក្រុង Minneapolis ដែលបានយកជង្គង់សង្កត់កលោក Floyd រហូតដល់ដាច់ខ្យល់ស្លាប់នោះ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឃាតកម្មកម្រិតស្រាល និងមនុស្សឃាតដោយអចេតនាប៉ុណ្ណោះ។ គ្រួសាររបស់លោក Floyd បានទាមទារចង់ឲ្យមានប៉ូលិស ០៣នាក់ទៀតដែលពាក់ព័ន្ធក៏គួរតែត្រូវចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ដែរ៕