(ហុងកុង)៖ ការរកឃើញករណីឆ្លងជាចង្កោមចំនួន ០៩នាក់ថ្មីនៃ COVID-19 នៅហុងកុង បានបង្កឲ្យមានក្តីបារម្ភថា ការឆ្លងក្នុងសហគមន៍អាចបានកើតឡើងនៅក្នុងទីក្រុងនេះ បន្ទាប់ពីហុងកុងត្រូវគេកោតសរសើរពីភាពជោគជ័យ ក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០។
០២ករណីដំបូងនៅក្នុងចង្កោមថ្មីនោះ គឺជាប្តីប្រពន្ធមួយគូ ដែលត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យកន្លងទៅ។ បន្ទាប់មកទៀតគឺអ្នកជិតខាង ០៤នាក់ទៀតរបស់ពួកគេ រួមជាមួយអ្នករួមការងារ ០២នាក់ជាមួយស្រ្តីជាប្រពន្ធ និងពេទ្យម្នាក់របស់ទីភ្នាក់ងារពន្លត់អគ្គិភ័យ ដែលបានបញ្ជូនស្រ្តីម្នាក់នោះទៅកាន់មន្ទីរពេទ្យ ក៏ត្រូវបានរកឃើញថាបានឆ្លងជំងឺនេះដែរ ដោយពុំមានប្រវត្តិធ្វើដំណើរត្រឡប់មកពីខាងប្រទេសក្រៅថ្មីៗនេះឡើយ។
នៅថ្ងៃអង្គារនេះអភិបាលក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បង្ហាញក្តីបារម្ភជាខ្លាំងជុំវិញចង្កោមអ្នកឆ្លងជំងឺទាំង ០៩នាក់នេះ។ ក្នុងថ្ងៃដដែលនេះ រដ្ឋបាលហុងកុងត្រូវគេរំពឹងថា នឹងបន្តរក្សាទុកនូវបំរាមហាមឃាត់មិនឲ្យមានការជួបជុំគ្នាលើសពី ០៨នាក់ ខណៈវាត្រូវផុតកំណត់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
គួរជម្រាបថា គិតត្រឹមថ្ងៃចន្ទម្សិលមិញ ហុងកុងបានរកឃើញករណីឆ្លង COVID-19 សរុប ១,០៨៨ករណី ក្នុងនោះស្លាប់ ០៤នាក់ និងជាសះស្បើយវិញ ១,០៣៧នាក់ ហើយភាគច្រើនបំផុតគឺជាករណីនាំចូល៕