(ប៉េកាំង)៖ ទីក្រុងវូហានរបស់ប្រទេសចិនដែលជាកន្លែង COVID-19 បានផ្ទុះឡើងដំបូង ទើបតែរៀបចំពិព័រណ៍ការងារនៅហ្នឹងកន្លែងផ្ទាល់ សម្រាប់និស្សិតដែលបញ្ចប់ការសិក្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០។
វាគឺជាពិព័រណ៍ការងារនៅហ្នឹងកន្លែងផ្ទាល់ ដែលត្រូវបានរៀបចំឡើងជាលើកដំបូង គិតចាប់តាំងពីមានការរីករាលដាលនៃជំងឺនេះ និងស្រប ពេលដែលចំនួននិស្សិតបញ្ចប់ការសិក្សា ក្នុងឆ្នាំនេះនៅទីក្រុងវូហាន មានការកើនឡើងគួរឲ្យកត់សម្គាល់។ ដោយសារមានសាកលវិទ្យាល័យ និងមហាវិទ្យាល័យចំនួន ៨៣កន្លែងនោះ ទីក្រុងវូហាននឹងមាននិស្សិតដែលបញ្ចប់ការសិក្សាសរុប ៣១៧,០០០នាក់ នៅក្នុងឆ្នាំ២០២០នេះ ដែលបើធៀបនឹងឆ្នាំ២០១៩ គឺមានកំណើន ៩.៣ភាគរយ។
គួរជម្រាបថា ទីក្រុងវូហានក៏គ្រោងនឹងរៀបចំពិព័រណ៍ការងារ ០៨ផ្សេងទៀតផងដែរ សម្រាប់និស្សិតដែលត្រូវបញ្ចប់ការសិក្សា។ គិតចាប់តាំងពី COVID-19 បានរាតត្បាតកាលពីចុងឆ្នាំមុន មនុស្សសរុប ៨៣,០២២នាក់នៅប្រទេសចិនបានឆ្លងជំងឺនេះ ក្នុងនោះ ៤,៦៣៤នាក់បានស្លាប់ ខណៈករណីភាគច្រើនគឺនៅក្នុងទីក្រុងវូហានផ្ទាល់ ដ្បិតវាជាកន្លែងផ្ទុះឡើងដំបូង។ យ៉ាងណាមិញក្នុងចំណោមអ្នកឆ្លងទាំងនោះ អ្នកជំងឺ ៧៨,៣១៥នាក់ហើយត្រូវបានព្យាបាលឲ្យជាសះស្បើយវិញ ពោលគឺនៅពេលនេះមានមិនដល់ ៨០នាក់ឡើយ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ៕