(បរទេស)៖ បេសកម្មដំបូងរបស់ចិនទៅកាន់ភពអង្គារ (Mars) នឹងប្រព្រឹត្តទៅក្នុងពេលក្បែរៗគ្នា នឹងពេលដែលអាមេរិកបញ្ជូនយានរ៉ូបូតថ្មី ទៅកាន់ទីនោះក្នុងឆ្នាំនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០។
យានធានវិន ១ (Tianwen-1) របស់ចិននឹងត្រូវបញ្ជូនចេញពីផែនដី តាមរយៈរ៉ុក្កែត Long March 5 នៅខ្ទង់ខែកក្កដា ឬខែសីហាខាងមុខនេះ ហើយនឹងទៅដល់ភពអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១។ នៅពេលទៅដល់យាន (Lander) ផ្ទុករ៉ូបូតដែលចល័តបាន (Robot) នឹងត្រូវទម្លាក់ទៅលើផ្ទៃរបស់ភពអង្គារ ដើម្បីធ្វើការស្រាវជ្រាវតាមគំរោងនៅទីនោះ។
បេសកកម្មខាងលើរបស់ប្រទេសចិន គឺគាប់ជួបពេលគ្នាជាមួយបេសកកម្មយានរ៉ូវើ (Rover) ទី០៥របស់ ទីភ្នាក់ងារអវកាសអាមេរិក NASA ឆ្ពោះទៅកាន់ភពអង្គារដែរ។ NASA គ្រោងបញ្ជូនយានរ៉ូបូត ភើសេវើរែនស៍ (Perseverence) របស់ខ្លួនចេញពីផែនដីនៅថ្ងៃទី០៧ ខែកក្កដា ហើយចុះទៅដល់ ភពអង្គារនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ ការជ្រើសយកពេលវេលានេះ មិនមែនជារឿងចៃដន្យនោះទេ ព្រោះវានឹងអនុញ្ញាតឲ្យយានអវកាសប្រទេសទាំងពីរ ធ្វើដំណើរទៅដល់ភពអង្គារ បានលឿនហើយសន្សំសំចៃឥន្ធនៈព្រោះភពផែនដី និងភពអង្គារនឹងស្ថិតនៅចំណុចកៀកគ្នាបំផុត ដែលបាតុភូតនេះកើតឡើងជារៀងរាល់ ២៦ខែម្តង។
ពេលទៅដល់បេសកម្ម Tianwen-1 របស់ចិន ដែលមានផ្កាយរណបសម្រាប់ហោះជុំវិញភពអង្គារ ព្រមទាំងយានចុះចត ដែលនឹងបញ្ចេញយានរ៉ូបូតអាចចល័តបាននោះ នឹងធ្វើការស្វែងរកវត្តមានទឹក និងទឹកកកនៅលើផ្ទៃភពអង្គារ ហើយស្រាវជ្រាវបរិយាកាស ក៏ដូចជាស្រទាប់ដីរបស់វា។ សម្រាប់យាន Perseverance វានឹងធ្វើការរុករកដាននៃជីវិត ហើយប្រមូលសំណាកផ្សេងៗពីផ្ទៃរបស់ Mars ដើម្បីត្រៀមយកត្រឡប់មកកាន់ផែនដីវិញ តាមរយៈបេសកម្មនាពេលក្រោយ។
យានរ៉ូបូតរបស់ចិន ត្រូវបានអភិវឌ្ឍឡើងដើម្បីឲ្យអាចធ្វើប្រតិបត្តិការបានយ៉ាងតិច ៩០ថ្ងៃ នៅលើភពអង្គារ (ប្រហែល ០៣ខែនៃពេលវេលាលើភពផែនដី)។ រីឯយានរ៉ូបូត Perseverance របស់អាមេរិកវិញ នឹងអាចធ្វើប្រតិបត្តិការបានយ៉ាងតិចមួយឆ្នាំលើភពអង្គារ ឬស្មើនឹង ៦៨៧ថ្ងៃលើផែនដី៕