(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ ប៉ូលិសក្នុងទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋ មីននីសូតា (Minnesota) បានឃាត់ខ្លួនបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) មានអាយុ ៤៦ឆ្នាំបន្ទាប់ពីបុគ្គលិកហាងម្នាក់ទូរស័ព្ទ ប្ដឹងប៉ូលិសដោយចោទថា គាត់ទិញបារីមួយកញ្ចប់ជាមួយក្រដាសប្រាក់ក្លែងក្លាយ ២០ដុល្លារ។ ១៧នាទីក្រោយមក រថយន្ដប៉ូលិសមួយគ្រឿងទៀតមកដល់កន្លែងកើតហេតុ លោក Floyd បានបាត់បង់ម្ចាស់ការ និងត្រូវបានប៉ូលិសបីនាក់សង្កត់ជាប់ ដោយពីរនាក់សង្កត់ជើង និងម្នាក់ទៀតឈ្មោះ ឌែរែក ឆូវីន (Derek Chauvin) យកជង្គង់សង្កត់ក បើទោះជាបុរសស្បែកខ្មៅរូបនេះស្រែកអង្វរថា «មិនអាចដកដង្ហើមបាន» យ៉ាងណាក៏ដោយ។
កាសែតអាមេរិក New York Times តាមរយៈការពិគ្រោះយោបល់ជាមួយអ្នកជំនាញ និងមន្ត្រីប៉ូលិសបានឱ្យដឹងថា ប៉ូលិសស្បែកស Derek Chauvin បានយកជង្គង់សង្កត់កលោក Floyd រហូតដល់ទៅរយៈពេល «៨នាទី និង ៤៦វិនាទី» រហូតដល់រូបលោកដាច់ខ្យល់ស្លាប់ និងត្រូវរថយន្ដសង្រ្គោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យ។ មិនតែប៉ុណ្ណោះ បើតាមឃ្លីបវីដេអូ មន្ត្រីប៉ូលិសឈ្មោះ Chauvin មិនបានយកជង្គង់ចេញពីករបស់លោក Floyd នោះទេបើទោះជាគាត់បាត់បង់ស្មារតីហើយក៏ដោយ។ ក្រោយហេតុការណ៍ដ៏តត់ស្លុតកើតឡើង ប៉ូលិសស្បែកស Derek Chauvin និងប៉ូលិសបីនាក់ទៀត ឈ្មោះ ថូម៉ាស់ ឡេន (Thomas Lane), អាឡិចហ្សានដឺ ខឹង (J. Alexander Kueng) និង ធូ សាវ (Tou Thao) ត្រូវបានបណ្ដេញចេញពីតំណែង។
គួរជម្រាបថា បច្ចុប្បន្នប៉ូលិសស្បែកស Derek Chauvin ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិតស្រាល រីឯប៉ូលិស ០៣នាក់ទៀត កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ នៅក្នុងបរិបទបាតុកម្មដ៏ហិង្សា ដើម្បីរកយុត្តិធម៌ឱ្យ George Floyd ផ្ទុះឡើងទូទាំងសហរដ្ឋអាមេរិក និងមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានប្រើប្រាស់កម្លាំងយោធាបង្រ្កាបក្រុមកុបករ។
ខាងក្រោមនេះគឺជាវីដេអូបង្ហាញពីលោក George Floyd ស្លាប់យ៉ាងអាណោចអាធមនៅក្រោមជង្គង់ប៉ូលិសអាមេរិក៖