(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៉ីរ៉ង់ បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់ការប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងពលរដ្ឋរបស់ខ្លួនឯង ដែលកំពុងធ្វើបាតុកម្ម រកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ George Floyd ត្រូវបានប៉ូលិសក្នុងទីក្រុង Minneapolis នៃរដ្ឋ Minnesota យកជង្គង់សង្កត់ករហូតដល់ស្លាប់។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០។

គិតត្រឹមដើមសប្តាហ៍នេះ ជាងពាក់កណ្តាលនៃរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក សុទ្ធតែបានចល័តកងកម្លាំងឆ្មាំ ការពារជាតិប្រចាំរដ្ឋរបស់ពួកគេ ដើម្បីឆ្លើយតបចំពោះ ភាពចលាចលដែលបាននិងកំពុងកើតឡើង ស្ទើរតែនៅពាសពេញប្រទេស ក្រោយការស្លាប់របស់ពលរដ្ឋស្បែកខ្មៅអាមេរិកលោក George Floyd ។ មនុស្សជាង ៤,០០០នាក់ ក៏ត្រូវបានប៉ូលិសឃាត់ខ្លួនផងដែរ ខណៈបច្ចុប្បន្នបាតុកម្មតវ៉ាបានក្លាយទៅជាកុបកម្មដ៏ហិង្សា ជាហេតុបង្ខំឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីផែនការបញ្ជូនកងទ័ពប្រដាប់ដោយអាវុធធុនធ្ងន់ និងប៉ូលិសរាប់ពាន់នាក់ ដើម្បីបញ្ឈប់កុបកម្មទាំងនោះ។

ជុំវិញភាពចលាចលនៅក្នុងសហរដ្ឋអាមេរិកនេះដែរ ក្រសួងការបរទេសអ៉ីរ៉ង់បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់អំពើហិង្សាលើប្រជាជនខ្លួនឯង និងទុកឱ្យពួកគេ ដកដង្ហើមផង។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីតេហេរ៉ង់ នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក Abbas Mousavi ជាអ្នកនាំពាក្យក្រសួងការបទេសអ៉ីរ៉ង់ បានគូសបញ្ជាក់ដូច្នេះថា៖ «ជូនចំពោះប្រជាជនអាមេរិក៖ ពិភពលោកបានស្ដាប់់លឺពីទុក្ខសោករបស់អ្នកដោយសារការគាបសង្កត់ពីរដ្ឋ។ ពិភពលោកកំពុងស្ថិតនៅ ជាមួយអ្នក ហើយជូនចំពោះក្រុមមន្ត្រី និងប៉ូលិសអាមេរិកនោះគឺបញ្ឈប់ការប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងពលរដ្ឋរបស់ខ្លួនឯង និងទុកឱ្យពួកគេដកដង្ហើមផង»

គួរជម្រាបថា បាតុកម្មតវ៉ាទាមទារយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ George Floyd នៅទូទាំងសហរដ្ឋអាមេរិក បានក្លាយជាកុបកម្មដ៏ហិង្សា រីឯក្រុមបាតុករបានសន្យាថា ពួកគេនឹងមិនបញ្ឈប់ការតវ៉ាឡើយ រហូតទាល់តែមានយុត្តិធម៌ពេញលេញសម្រាប់លោក Floyd ក្រោយអតីតប៉ូលិសឈ្មោះ Derek Chauvin ដែលជាអ្នកយកជង្គង់ សង្កត់កលោក Floyd រហូតដាច់ខ្យលស្លាប់ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិតស្រាលតែប៉ុណ្ណោះ៕