(ប៉ាតតាយ៉ា)៖ ប្រជាជនថៃជាច្រើនអាចធ្វើដំណើរកម្សាន្ត នៅតាមតំបន់ឆ្នេរល្បីៗមួយចំនួនជាសេសទីក្រុងប៉ាតតាយ៉ា (Pattaya) ឡើងវិញហើយនៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ខណៈដែលអាជ្ញាធរបានដកវិធានការរឹតត្បិត COVID-19 មួយចំនួនចេញវិញជាលើកដំបូង នៅក្នុងរយៈជាងពីរខែមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
នៅទីក្រុងប៉ាតតាយ៉ា អ្នកទេសចរមួយចំនួនអាចមុជទឹកលេងកម្សាន្តឡើងវិញ និងខ្លះទៀតដេកហាលថ្ងៃ ព្រមរត់ហាត់ប្រាណនៅតាមឆ្នេរជាដើម។ ទោះជាបែបនេះក្តី វិធានការរក្សាសុវត្ថិភាពនៅតែបន្តអនុវត្តដដែល ដោយមនុស្សម្នាដែលចូលទៅក្នុងទីកន្លែងកម្សាន្តនានា ត្រូវទទួលការត្រួតពិនិត្យសីតុណ្ហភាពរាងកាយ និងរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ១ម៉ែត្រពីគ្នា។
គួរបញ្ជាក់ថា មិនមែនឆ្នេរសមុទ្រទាំងអស់នៅថៃត្រូវបានបិទ ហើយក៏មិនមែនទាំងអស់នោះដែរដែលត្រូវបានបើកឡើងវិញនៅថ្ងៃចន្ទនេះ ប៉ុន្តែសម្រាប់ឆ្នេរនៅកោះភូកេត នៅតែបន្តស្ថិតក្រោមការដាក់កំហិតដដែល ខណៈឆ្នេរនៅហួហ៊ីនវិញតាំងពីដើមមកមិនដែលបិទឡើយ។ ប្រទេសថៃបានប្រកាសដាក់ចេញនូវវិធានការរឹតត្បិត និងការប្រកាសអាសន្ន កាលពីពាក់កណ្តាលខែមីនា ប៉ុន្តែក្រោយពីស្ថានការណ៍ COVID-19 មានសភាពធូរស្រាល វិធានការមួយចំនួនត្រូវបានដក ហើយបំរាមគោចរក៏ត្រូវបានសម្រាលជាបណ្តើរៗផងដែរ។ បច្ចុប្បន្នថៃមានករណីឆ្លង COVID-19 សរុប ៣,០៨២ករណី ក្នុងនោះស្លាប់ ៥៧នាក់ និងជាសះស្បើយឡើងវិញ ២,៩៦៥នាក់៕