(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមចាត់ចែងថ្នាំប្រឆាំងវីរុស ដែលត្រូវបានអនុម័តជាលើកដំបូង យកទៅព្យាបាលអ្នកជំងឺ COVID-19 នាសប្តាហ៍ក្រោយនេះហើយ ខណៈការបោះជំហានមួយនេះ ត្រូវបានគេពិពណ៌នាថា ជាអ្នកផ្លាស់ប្តូរជោគវាសនា ឬ Game changer ក្នុងការវិលត្រឡប់ទៅរកជិវិតសេដ្ឋកិច្ចធម្មតាឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០។
ប្រធានស្ថានប័នមូលនិធិរបស់ប្រទេសរុស្ស៊ីហៅកាត់ថា RDIF បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍មួយយ៉ាងដូច្នេះថា មន្ទីរពេទ្យនៅរុស្ស៊ីអាចចាប់ផ្តើមផ្តល់ថ្នាំដល់អ្នកជំងឺ COVID-19 ចាប់ពីថ្ងៃទី ១១ ខែមិថុនានេះតទៅ ដោយអាចព្យាបាលមនុស្សបានរហូតដល់ ៦០,០០០នាក់ក្នុងមួយខែ។
ថ្នាំដែលបានចុះបញ្ជីក្រោមឈ្មោះថា អាវីហ្វាវា (Avifavir) ជាថ្នាំដំបូលដែលត្រូវបានក្រសួងសុខាភិបាលរុស្ស៊ី អនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីបានតេស្តសាកល្បងយ៉ាងជោគជ័យរួចមក។
ទាក់ទិនរឿងនេះ ប្រធាន RDIF លោក ឃីរីល ឌីមីទ្រីវ (Kirill Dmitriev) លើកឡើងយ៉ាងដូច្នេះថា «យើងជឿជាក់ថា នេះគឺជាអ្នកផ្លាស់ប្តូរជោគវាសនា។ វានឹងជួយកាត់បន្ថយភាពតានតឹងនៃប្រព័ន្ធថែទាំសុខភាព។ យើងនឹងមានអ្នកជំងឺឈឺធ្ងន់តិចជាងមុន ខណៈអ្នកជំងឺប្រមាណ ៩០% អាចនឹងត្រូវព្យាបាលក្នុងរយៈពេល ១០ថ្ងៃ។ យើងជឿជាក់ថា ថ្នាំនេះជាកូនសោ ដើម្បីបន្តសកម្មភាពសេដ្ឋកិច្ចដែលពេញលេញឡើងវិញ នៅក្នុងប្រទេសរុស្ស៊ី...»។
គួរជម្រាបថា រហូតមកទល់នឹងពេលនេះ រុស្ស៊ីបានកត់ត្រាចំនួនករណីឆ្លង COVID-19 សរុប ៤១៤,៨៧៨ករណីដោយក្នុងនោះអ្នកជំងឺ ៤,៨៥៥នាក់ស្លាប់បាត់បង់ជីវិត និង ១៧៥,៨៧៧នាក់ជាសះស្បើយ៕