(ម៉ានីល)៖ មនុស្សរាប់លាននាក់នៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន បានត្រឡប់ទៅធ្វើការវិញហើយនាថ្ងៃចន្ទនេះ ដ្បិតថាវាជាជម្រើសតែមួយគត់ ដើម្បីជួយស្តារដង្ហើមសេដ្ឋកិច្ចឲ្យរស់ឡើងវិញ បើទោះបីជាប្រទេសអាស៊ានមួយនេះ ជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសមួយចំនួនទៀតលើលោក ដែលបានចាត់វិធានការបិទទ្វារប្រទេសយ៉ាងតឹងរ៉ឹង និងយូរជាងគេបំផុតមួយក៏ដោយ ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០។
សេវាកម្មដឹកជញ្ជូនសាធារណៈដូចជាខ្សែរថភ្លើង និងរថយន្តក្រុងនៅទីក្រុងម៉ានីល ត្រូវបានអនុញ្ញាតឲ្យធ្វើប្រតិបត្តិការឡើងវិញហើយ ប៉ុន្តែក្នុងកម្រិតមួយដែលតម្រូវឲ្យអ្នកដំណើររង់ចាំនៅជាជួរវែងៗ និងច្រើនម៉ោង ដែលជាហេតុធ្វើឲ្យមនុស្សម្នារាប់ពាន់នាក់ជាប់គាំង។
ជុំវិញបញ្ហាខាងលើនេះ លោក ស្ទេវិន ចន ខាប៊ូសាវ (Steven John Cabusao) ដែលបានដើរជាច្រើនគីឡូម៉ែត្រទៅធ្វើការនៅថ្ងៃដំបូងរបស់ខ្លួន បន្ទាប់ពីត្រូវបានបង្ខាំងនៅក្នុងផ្ទះរបស់អស់រយៈពេល ១១សប្តាហ៍មកនេះបាននិយាយថា «ខ្ញុំត្រូវតែត្រឡប់ទៅធ្វើការវិញ... តម្រូវការប្រាក់ចំណូលយកមកចិញ្ចឹមគ្រួសារ វាបានប្រែក្លាយជាការភ័យខ្លាច ខ្លាំងជាងការភ័យខ្លាចចំពោះអ COVID-19 ទៅទៀត»។
ជាមួយនឹងតួលេខនៃករណីឆ្លង COVID-19 ខ្ពស់បំផុតលំដាប់ទី ៣ និងចំនួនអ្នកស្លាប់ផ្លូវការខ្ពស់បំផុតលំដាប់ទី ២ នៅអាស៊ីអាគ្នេយ៍ ហ្វីលីពីនបានអនុញ្ញាតឲ្យអាជីវកម្មនានាបើកដំណើរការឡើងវិញ ខណៈប្រជាជនក៏អាចចាកចេញពីផ្ទះ ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលផងដែរ។ រហូតមកទល់ពេលនេះ ប្រទេសអាស៊ានមួយនេះបានកត់ត្រាចំនួនអ្នកឆ្លងសរុប ១៨,០៨៦ករណី ដោយក្នុងអ្នកជំងឺចំនួន ៩៥៧នាក់ស្លាប់បាត់បង់ជីវិត និង ៣,៩០៩នាក់ ផ្សេងទៀងបានជាសះស្បើយឡើងវិញ៕