(អាមេនី)៖ នាយករដ្ឋមន្ត្រីអាមេនីលោក នីខូល ផាស៊ីនយ៉ាន (Nikol Pashinyan) នៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ នេះបានប្រកាសនៅក្នុងវីដេអូផ្សាយផ្ទាល់នៅលើគណនី Facebook ថា លោកបានធ្វើតេស្ដវិជ្ជមានចំពោះជំងឺ COVID-19 ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
លោក Pashinyan បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមិនមានរោគសញ្ញាសង្ស័យណាមួយទេ តែខ្ញុំបានសម្រេចចិត្តធ្វើតេស្ដរក COVID-19 ហើយលទ្ធផលចេញមកគឺវិជ្ជមាន ខណៈក្រុមគ្រួសារខ្ញុំទាំងមូលក៏បានឆ្លងជំងឺនេះដែរ»។
គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសអាមេនីដែលមានប្រជាជនប្រមាណ ០៣លាននាក់ បានរកឃើញករណីឆ្លង COVID-19 សរុប ៩,៤០២ករណីក្នុងនោះស្លាប់ ១៣៩នាក់ និងជាសះស្បើយ ៣,៤០២នាក់។ អាមេនីត្រូវបានចាត់ទុកថា មានករណីឆ្លង COVID-19 ក្នុងកម្រិតទាបបើធៀបនឹងប្រទេសផ្សេងៗទៀតនៅទ្វីបអឺរ៉ុប៕