(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបញ្ជូនថ្នាំប្រឆាំងជំងឺគ្រុនចាញ់ អ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) ចំនួន ០២លានកញ្ចប់ទៅកាន់ប្រទេសប្រេស៊ីល តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយអង្គការសុខភាពពិភពលោក (WHO) ប្រកាសបញ្ឈប់ការធ្វើតេស្ដលើថ្នាំប្រភេទនេះ ដោយសារបារម្ភពីសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០។
សេចក្ដីថ្លែងការណ៍រួមរបស់រដ្ឋាភិបាលអាមេរិក និងប្រេស៊ីលបានបញ្ជាក់ថា សហរដ្ឋអាមេរិកក៏នឹងបញ្ជូនឧបករណ៍ដង្ហើម ១,០០០គ្រឿង ទៅកាន់ប្រទេសប្រេស៊ីលផងដែរ។ នាយកអង្គការ WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បាននិយាយកាលពីសប្ដាហ៍មុនថា ការធ្វើតេស្ដថ្នាំប្រឆាំងជំងឺគ្រុញចាញ់ សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារបារម្ភពីសុវត្ថិភាព បន្ទាប់ពីការសិក្សាជាច្រើនបង្ហាញថា ការប្រើប្រាស់ថ្នាំនេះបានធ្វើឱ្យមានអត្រាអ្នកជំងឺស្លាប់កាន់តែខ្ពស់។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្នប្រេស៊ីលមានករណីឆ្លង COVID-19 ៥១៤,៩៩២ករណី ក្នុងនោះស្លាប់ ២៩,៣៤១នាក់ និងជាសះស្បើយឡើងវិញ ២០៦,៥៥៥នាក់៕