(ញូដេលី)៖ ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌាបានប្រកាសនៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០នេះថា អ្នកជំងឺ COVID-19 រហូតដល់ទៅ ៨,៣៩២នាក់ទៀតត្រូវបានរកឃើញ នៅក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់ជួបប្រទះនោះឡើយ នាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ១៩០,៥៣៥ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
នៅក្នុងពេលដូចគ្នា អ្នកជំងឺសរុបរហូតដល់ ២៣០នាក់ទៀតបានបាត់បង់ជីវិត ធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិតសរុបនៅឥណ្ឌាដោយសារ COVID-19 កើនឡើងដល់ ៥,៣៩៤នាក់។ ដោយឡែកនៅក្នុងរបាយការណ៍សម្រាប់ថ្ងៃចន្ទនេះ ចំនួនអ្នកជាសះស្បើយឡើងវិញ ក៏បានកើនឡើងរហូតដល់ ៩១,៨១៩នាក់ផងដែរ ខណៈអ្នកជំងឺ ៩៣,៣២២នាក់កំពុងបន្តសម្រាកព្យាបាល។
គួរបញ្ជាក់ថា ឥណ្ឌាបានសម្រេចបន្តបិទប្រទេសរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាតត្បាតដ៏អាក្រក់នៃជំងឺ COVID-19។ ទោះជាបែបនេះក្តី ការរឹតបន្តឹងមួយចំនួនក្នុងប្រទេស ក៏ត្រូវបានដកចេញផងដែរ ដើម្បីឈានទៅរកការបើកប្រទេសឡើងវិញ៕