(មីននាផូលីស)៖ បាតុកម្មយ៉ាងហិង្សា បន្តរីករាលដាលស្ទើរពាសពេញសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី៣០ ខែឧសភានេះ (ពេលវេលានៅអាមេរិក) ពោលវាជាថ្ងៃទី ៤ជាប់ៗគ្នាមកហើយ បន្ទាប់ពីពលរដ្ឋអាមេរិកកាំងស្បែកខ្មៅម្នាក់ ដែលគ្មានអាវុធសោះនៅក្នុងដៃបានស្លាប់ក្រោមជង្គង់ ប៉ូលីសស្បែកសមា្នក់នៅរដ្ឋមីនីសូតា (Minnesota) កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយសារតែការចាយក្រដាសប្រាក់ក្លែងក្លាយចំនួន ២០ដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០។
សេតវិមានអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ត្រូវបង្ខំបិទទ្វារ ដោយសារតែមានក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅ ដើម្បីប្រឆាំងតវ៉ា និងរកយុត្តិធម៌ជូនជនរងគ្រោះ។ សាក្សីនៅកន្លែងកើតហេតុបាននិយាយថា បាតុករម្នាក់បានបាញ់ថ្នាំនៅលើជញ្ជាំងអាគារធនាគារ ហ្វ្រីមែន (Freedman's Bank Building) ខណៈដែលក្រុមបាតុករខ្លះទៀត បានប៉ះទង្គិចជាមួយបុគ្គលិកសេវាកម្មសម្ងាត់ថែមទៀត។ មិនតែប៉ុណ្ណោះវីដេអូបានបង្ហាញថា បាតុករខ្លះបានដុតទង់ជាតិ និងវាយដំរនាំងរារាំងដែលបានដាក់ឃាំងបាតុករ។
បាតុកម្មប្រឆាំងតវ៉ាដោយហិង្សាខាងលើនេះ មិនត្រឹមតែបានរាលដាលដល់បេះដូងនៃរដ្ឋធានីសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាបានរាលដាលស្ទើរពាលពេញសហរដ្ឋអាមេរិកទាំងមូលតែម្តង។ នៅទីប្រជុំជនអាត្លង់តានៃរដ្ឋចរចៀ (Georgia) ភាគខាងត្បូងសហរដ្ឋអាមេរិកបានប្រែជាវឹកវរ នៅពេលដែលក្រុមបាតុករបានដុតរថយន្តប៉ូលីស និងគប់ដបទៅលើមន្ត្រីប៉ូលីសយ៉ាងហិង្សា។
បាតុកម្មតវ៉ាប្រឆាំងនឹងអំពើហិង្សាប្រព្រឹត្តឡើងដោយប៉ូលិសស្បែកស លើពលរដ្ឋអាមេរិកស្បែកខ្មៅខាងលើនេះ បានផ្ទុះឡើងដូចគ្នានៅតាមទីក្រុងជាច្រើនទៀត នៃសហរដ្ឋអាមេរិកដូចជាទីក្រុង ឡូសអាន់ជែលែស (Los Angeles), មែមភីស (Memphis), ល្វីសវាល (Louisville), ញូយ៉ក(New York), ហ៊ូស្តុន (Houston) និងជាពិសេសនៅទីក្រុង Minneapoli នៃរដ្ឋ Minnesota បានបន្តជាប់ៗគ្នាបួនថ្ងៃមកហើយ ជុំវិញការស្លាប់របស់លោក ចច ហ្វ្លយដ៍ (Goerge Floyd)។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា បាតុកម្មអាចនឹងកាន់តែខ្លាំងក្លា និងអាចរាលដាលពាសពេញសហរដ្ឋអាមេរិកតែម្តង រហូតដល់ចុងសប្តាហ៍នេះ។
គួរជម្រាបថា លោក Floyd ត្រូវបានប៉ូលិស ០៤នាក់ធ្វើការឃាត់ខ្លួននៅទីក្រុង Minneapolis ក្រោមសង្ស័យថា រូបលោកបានប្រព្រឹត្តបទល្មើសគឺ ចាយលុយក្លែងក្លាយចំនួន ២០ដុល្លាអាមេរិក។ ក្នុងចំណោមនោះ ប៉ូលីសម្នាក់ឈ្មោះ ដេរិក ឆូវីន (Derek Chauvin) បានយកជង្គង់សង្កត់កលោក Floyd អស់រយៈពេលជាច្រើននាទី ទោះបីលោក Floyd បានស្រែកសុំអង្វរករម្តងហើយម្តងទៀតថា លោកពិបាកដង្ហើមយ៉ាងណាក្តី រហូតទាល់លោកបាត់បង់ស្មារតីលែងកម្រើក គឺលោកទំនងជា បានបាត់បង់ជីវិតភ្លាមៗនាពេលនោះតែម្តង ខណៈអាជ្ញាធរក្រោមកបានប្រកាសថា Floyd បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ នៅទីបំផុតទៅ អតីតមន្ត្រីប៉ូលីសដែលបានប្រើអំពើហិង្សានេះ ត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ជាផ្លូវការ ពីបទឃាតកម្មកម្រិត ៣ និងឃាតកម្មដោយអចេតនាកម្រិត ២ នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលអាចជាប់ពន្ធនាគារ ០៤ឆ្នាំ៕