(ឡានចូវ)៖ ជើងហោះហើរពិសេសមួយ បានដឹកជញ្ជូនផ្លែមង្ឃុតចំនួន ១៥តោនពីប្រទេសថៃ ទៅកាន់ទីក្រុងឡានចូវ (Lanzhou) រដ្ឋធានីនៃខេត្តហ្គាន់ស៊ូ (Gansu ) ស្ថិតភាគពាយ័ព្យរបស់ប្រទេសចិន ដែលជាលើកដំបូងមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីវីរុសកូរ៉ូណាផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០។
នេះជាជើងហោះហើរពិសេសលើកដំបូងហើយ សម្រាប់ការនាំចេញផ្លែឈើស្រស់ទៅកាន់ខេត្តរបស់ចិនមួយនេះក្នុងឆ្នាំនេះ ក្រោយរងផលប៉ះពាល់នៃជំងឺរាតត្បាតសកល COVID-19 ដែលបានធ្វើឲ្យសកម្មភាពដឹកជញ្ជូនតាមផ្លូវការត្រូវផ្អាក។ យោងតាមការិយាល័យគយនៅឡានចូវបានឲ្យដឹងថា ជើងហោះហើរពិសេសចំនួន ០៥ផ្សេងទៀតដែលដឹកផ្លែឈើស្រស់ នឹងមកដល់ក្រុងឡានចូវ នារយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក។
គួរបញ្ជាក់ថា ស្ថានការណ៍ COVID-19 នៅប្រទេសចិន និងថៃត្រូវបានគេមើលឃើញថា មានភាពធូរស្រាលដូចគ្នា ប៉ុន្តែការប្រុងប្រយ័ត្ននៅតែស្ថិតក្នុងកម្រិតខ្ពស់ជានិច្ចដើម្បីទប់ស្កាត់ការផ្ទុះរលកទី២នៃការឆ្លង។ ប្រទេសថៃក៏កំពុងត្រៀមខ្លួនទទួលយកភ្ញៀវទេសចរចិនឡើងវិញផងដែរ នៅពេលស្ថានការណ៍កាន់តែប្រសើរឡើងវិញ៕