Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អធិការបតីអាល្លឺម៉ង់ «បដិសេធការអញ្ជើញរបស់លោក ដូណាល់ ត្រាំ» ក្នុងការចូលរួមកិច្ចប្រជុំកំពូល G7 នៅវ៉ាស៊ីនតោន! (Video inside)

30-05-2020 10:11

(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អង់ហ្គែឡា មើគែល (Angela Merkel) បានសម្រេចចិត្ត «បដិសេធ» ការអញ្ជើញដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យលោកស្រីចូលរួមកិច្ចប្រជុំកំពូល G7 នៅរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន Politico នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០។

អ្នកនាំពាក្យរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់លោក ស្ទេហ្វហ្វិន សេប៊ឺត (Steffen Seibert) បានលើកឡើងថា «លោកស្រីអធិការបតី បានថ្លែងអំណរគុណលោក ដូណាល់ ត្រាំ សម្រាប់ការអញ្ជើញលោកស្រី ឲ្យចូលរួមកិច្ចប្រជុំកំពូល G7 នៅរដ្ឋធានីវ៉ាស៊ីនតោន នាចុងខែមិថុនា ឆ្នាំ២០២០។ ប៉ុន្តែដោយមើលលើស្ថានការណ៍ នៃជំងឺរាតត្បាតសកលបច្ចុប្បន្ននេះ លោកស្រីមិនអាចយល់ព្រម ក្នុងការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនោះឡើយ។ លោកស្រី មើគែល ត្រូវនៅបន្តគ្រប់គ្រងស្ថានការណ៍ជំងឺរាតត្បាតសកល (COVID-19)»

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើងលើកឡើងថា គ្មានឧទាហរណ៍ជាក់ស្តែងណា ចំពោះការបើកទ្វារឡើងវិញ ជាជាងការរៀបចំកិច្ចប្រជុំកំពូល G7 នៅចុងខែមិថុនា ខាងមុខនេះឡើយ។ វេទិកានៃមហាអំណាចសេដ្ឋកិច្ចពិភពលោក G7 រួមមានសមាជិកដូចជា អាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី និងជប៉ុន។ ក្រៅពីអាល្លឺម៉ង់ មេដឹកនាំប្រទេស ០៥ ទៀតហាក់ដូចជាមិនទាន់ផ្តល់ចម្លើយថា អាចចូលរួម ឬមិនអាចនោះឡើយ ចំពោះការអញ្ជើញពីលោក ត្រាំ៕