Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: ក្រុមអ្នករាយការណ៍ព័ត៌មានទូរទស្សន៍ CNN ត្រូវប៉ូលិសរដ្ឋ Minnesota «ចាប់វាយខ្នោះ» ពេលកំពុង Live បាតុកម្មដ៏ក្តៅគគុក! (Video inside)

29-05-2020 18:22

(អាមេរិក)៖ ទូរទស្សន៍ CNN បានរាយការណ៍ថា អ្នករាយការណ៍ព័ត៌មានរបស់ខ្លួនគឺលោក អូម៉ា ហ៊ីមែណេស (Omar Jimenez) ត្រូវបានប៉ូលិសរដ្ឋមីននីសូតា (Minnesota) ចាប់ខ្លួនជាមួយក្រុមការងាររបស់លោកបាត់ហើយ ខណៈលោកកំពុងធ្វើការ Live វីដេអូ អំពីទិដ្ឋភាពបាតុកម្មដ៏ក្តៅគគុក។ នេះបើតាមការចេញផ្សាយព័ត៌មាន នាល្ងាចថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។

ក្រុមការងាររបស់លោក Omar Jimenez រួមមានគ្នាបីនាក់ ដែលពីរនាក់ទៀតជាអ្នកផលិត និងអ្នកកាន់កាមេរ៉ា ត្រូវបានកងកម្លាំងប៉ូលិសទីក្រុងមីននាផូលីស (Minneapolis) នៃរដ្ឋខាងលើនេះ ចាប់វាយខ្នោះ ហើយបញ្ជូនទៅសួរចម្លើយនៅប៉ុស្តិ៍ប៉ូលិស។ ការឃាត់ខ្លួនបានធ្វើឡើង ខណៈពួកគេកំពុងតែធ្វើការផ្សាយបន្តផ្ទាល់សកម្មភាពធ្វើបាតុកម្ម និងការបង្ក្រាបដ៏ក្តៅគគុក រវាងកងកម្លាំងប៉ូលិស និងក្រុមបាតុករ ដែលតវ៉ាជុំវិញមរណភាពរបស់បុរសជនជាតិស្បែកខ្មៅម្នាក់ ដែលត្រូវបានប៉ូលិសក្នុងទីក្រុងនេះឃាត់ខ្លួន និងសង្កត់ករហូតដល់បាត់បង់ជីវិត កាលពីប៉ុន្មានថ្ងៃមុន។

គួរបញ្ជាក់ថា បច្ចុប្បន្នបុគ្គលិក CNN កំពុងស្ថិតនៅក្នុងប៉ុស្តិ៍ប៉ូលិស ហើយមិនទាន់មាននរណាដឹងថា មានស្ថានភាពបែបណាឡើយ។ កុប្បកម្ម និងបាតុកម្មបានផ្ទុះរីករាលដាលជាច្រើនកន្លែង នៅសហរដ្ឋអាមេរិក ដើម្បីសម្ដែងការខឹងសម្បាក៏ដូចជាទាមទារយុត្តិធម៌ឲ្យលោក ចច ហ្វ្លយដ៍ (George Floyd)។ Floyd ត្រូវបានប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុង Minneapolis យកជង្គង់សង្កត់ករហូតដល់ស្លាប់ បើទោះជារូបគេបានសុំអង្វរ និងស្រែកប្រាប់ថា «មិនអាចដកដង្ហើមបាន» ក៏ដោយ៕