(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានគូសបញ្ជាក់នៅថ្ងៃសុក្រ ទី២៩ ខែឧសភានេះថា ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសចិនពុំមានករណីឆ្លងថ្មី នៃជំងឺ COVID-19 ឡើយ គឺមិនថាករណីឆ្លង ក្នុងស្រុកផ្ទាល់ ឬក៏ករណីនាំចូល ខណៈអ្នកទើបជាសះស្បើយវិញមានចំនួន ០៣នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ប្រការនេះ វាធ្វើករណីឆ្លង COVID-19 សរុបក្នុងប្រទេសចិន នៅរក្សាបានត្រឹម ៨២,៩៩៥ ករណីដដែល បើគិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នៅថ្ងៃដដែលនេះ ករណីស្លាប់ថ្មីក៏មិនត្រូវបានរកឃើញផងដែរ ខណៈចំនួនអ្នកស្លាប់នៅទ្រឹងត្រឹម ៤,៦៣៤ នាក់ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។
សម្រាប់រយៈពេលដូចគ្នានេះដែរ អាជ្ញាធរសុខាភិបាលចិន ក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ០៣នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់ ៧៨,២៩១នាក់៕