(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោកនឹងធ្វើសន្និសីទកាសែតមួយ ស្តីពីប្រទេសចិន ខណៈទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរ កំពុងតែវិវឌ្ឍទៅរកភាពតានតឹងកាន់តែខ្លាំងឡើង នៅចំពោះមុខបញ្ហាហុងកុង និងផលវិបាកនៃវិបត្តិ COVID-19 ព្រមទាំងសង្គ្រាមពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននានា នៅឯការិយាល័យសេតវិមាន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះយ៉ាងដូច្នេះថា «យើងនឹងប្រកាសនៅថ្ងៃស្អែកនេះ នូវអ្វីដែលយើងកំពុងធ្វើទាក់ទងនឹងប្រទេសចិន... យើងមិនសប្បាយចិត្តនឹងចិនទេ»។ ទោះជាយ៉ាងណាប្រធានាធិបតីរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតថា តើមានអ្វីខ្លះអាចនឹងត្រូវប្រកាសនោះនៅឡើយទេ។
យោងតាមប្រភពពីផ្នែកការទូតបានឲ្យដឹងថា សន្និសីតកាសែតខាងលើនេះ នឹងត្រូវបានធ្វើឡើងនៅថ្ងៃតែមួយដែលអង់គ្លេស និងសហរដ្ឋអាមេរិកអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ បើកកិច្ចប្រជុំក្រៅផ្លូវការបន្ទាន់មួយ ដើម្បីពិភាក្សាអំពីស្ថានការណ៍ហុងកុង។
ការភ័យខ្លាចថា ប្រទេសចិននឹងប្រើច្បាប់ថ្មីដើម្បីបញ្ចប់សេរីភាពរបស់ហុងកុង ក្នុងនាមជាទឹកដីពាក់កណ្តាលស្វ័យភាព នោះនឹងអាចជម្រុញឲ្យលោក ដូណាល់ ត្រាំ វាយបកទៅវិញ ហើយវានឹងក្លាយជាសញ្ញានៃការប្រឈមមុខគ្នា កាន់តែខ្លាំងឡើងរវាងចិន និងអាមេរិក ខណៈមហាអំណាចទាំងពីរនេះ កំពុងមានបញ្ហាស្រាប់ទៅហើយជុំវិញបញ្ហា COVID-19, សង្គ្រាមពាណិជ្ជកម្ម និងកោះតៃវ៉ាន់៕