(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហាញពីគម្រោងបន្ធូរបន្ថយបន្តិចមកវិញ និងប្រកបដោយការប្រុងប្រយ័ត្ន ចំពោះវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។
ក្នុងសន្និសីទសារព័ត៌មាននៅឯវិមានដោននីងស្ទ្រីត (Downing Street) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក បូរីស ចនសុន (Boris Johnson) បានថ្លែងប្រាប់ឲ្យដឹងថា ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះ សាលាមត្តេយ្យ និងសាលាបឋមសិក្សានឹងត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ។ ចំណែកឯសាលាអនុវិទ្យាល័យវិញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ខាងមុខ។
ទន្ទឹមនឹងនោះ លោក ចនសុន ក៏បានបញ្ជាក់ប្រាប់ទៀតថា ហាងលក់រាយ និងបន្ទប់តាំងលក់រថយន្តនានា ក៏នឹងត្រូវអនុញ្ញាតឲ្យបើកដំណើរការ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះដែរ ខណៈអាជីវកម្មលក់រាយដែលមិនសូវចាំបាច់ នឹងត្រូវអនុញ្ញាតឲ្យបើកដំណើរការនៅថ្ងៃទី១៥ ខែមិថុនាខាងមុខ។ បន្ថែមពីនេះ ការជួបជុំគ្នានៅខាងក្រៅ ដែលមានមនុស្សត្រឹម ០៦នាក់ ក៏ត្រូវបានអនុញ្ញាតនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះដែរ។
នាយករដ្ឋមន្ត្រីរូបនេះក៏បានបង្ហាញក្តីសង្ឈឹមថា រដ្ឋាភិបាលរបស់លោក នឹងអាចធ្វើឲ្យបានច្រើនជាងនេះ ដើម្បីឲ្យប្រទេសវិលត្រឡប់ទៅរកជីរភាពធម្មតាឡើងវិញ នាពេលឆាប់ៗនេះ។ លោកបានសង្កត់ធ្ងន់ថា ការបន្ធូរបន្ថយនេះធ្វើឡើង ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រដែលបញ្ជាក់ថា នីតិវិធីទាំងនេះពិតជាមានសុវត្ថិភាព។
គួរជម្រាបថា គិតត្រឹមពេលនេះ ចក្រភពអង់គ្លេសបានកត់ត្រាអ្នកឆ្លង COVID-19 ចំនួន ២៦៩,១២៧ករណី ក្នុងនោះអ្នកជំងឺ ៣៧,៨៣៧ នាក់ស្លាប់បាត់បង់ជីវិត៕