(សេអ៊ូល)៖ កូរ៉េខាងត្បូងហាក់កំពុងជួបប្រទះភាពភ័យខ្លាចជាថ្មី ក្រោយការផ្ទុះករណីឆ្លង COVID-19 ជាចង្កោម នៅក្នុងឃ្លាំងស្តុកទំនិញមួយ ស្ថិតនៅតំបន់ ប៊ូឈន់ (Bucheon) ជាយរដ្ឋធានីសេអ៊ូល ខណៈការរកឃើញអ្នកឆ្លងថ្មីៗ ចេះតែកើនឡើងវិញជាលំដាប់។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ។
នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០នេះតែម្តង អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 សរុបចំនួន ៥៨នាក់ថ្មីទៀត ដែលទាបជាងតួលេខ ៧៩នាក់ ដែលត្រូវបានប្រកាសកាលពីម្សិលមិញ។ បច្ចុប្បន្នចំនួនករណីឆ្លង COVID-19 សរុបនៅកូរ៉េខាងត្បូងមានចំនួន ១១,៤០២ករណី ក្នុងនោះស្លាប់ ២៦៩នាក់ និងជាសះស្បើយវិញ ១០,៣៦៣នាក់។
គួរបញ្ជាក់ថា ពីដំបូងឡើយប្រទេសកូរ៉េខាងត្បូង ត្រូវបានចាត់ទុក ជាប្រទេសជោគជ័យមួយបន្ទាប់ពីចិន ក្នុងការទប់ស្កាត់ការឆ្លង COVID-19 និងដាក់វាឲ្យស្ថិតក្នុងការគ្រប់គ្រង។ ប៉ុន្តែក្រោយការផ្ទុះករណីឆ្លងជាចង្កោមនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជាយទីក្រុងនេះ បាននាំឲ្យមានការព្រួយបារម្ភ ពីការផ្ទុះរលកទី២ នៃជំងឺ COVID-19៕