(វ៉ាស៊ីនតោន)៖ នៅទីបំផុតបទបញ្ជាប្រតិបត្តិមួយ ត្រូវបានចុះហត្ថលេខាហើយ ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលមានគោលដៅដកការអនុគ្រោះផ្នែកច្បាប់មួយចំនួន ចេញពីវេទិកាបណ្តាញសង្គមនានានៅអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។
បទបញ្ជាប្រតិបត្តិថ្មីខាងលើនេះ គឺជាការផ្តល់អំណាចឲ្យប្រតិបត្តិករអាមេរិក អាចចាត់វិធានការស្របតាមផ្លូវច្បាប់ ទៅលើក្រុមហ៊ុននានាដូចជា Facebook និង Twitter ជាដើម ជាការឆ្លើយតបនឹងសកម្មភាពរបស់បណ្តាញសង្គមទាំងនេះ ដែលបានដើរតួជាប៉ូលិស ក្នុងការវែកញែកសារអ្នកនយោបាយថា ពិត ឬមិនពិតនោះនៅពេលសារទាំងនោះត្រូវបានបង្ហោះជាសាធារណៈ។
គួរបញ្ជាក់ថា ការចុះហត្ថលេខារបស់លោក ត្រាំ ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីលោកផ្ទុះជម្លោះជាមួយ Twitter ដោយសារតែបែបបទនៅក្នុងបណ្តាញសង្គមដ៏ធំ នៅសហរដ្ឋអាមេរិកមួយនេះ បានដាក់សញ្ញាព្រមានអំពីការពិត ទៅលើសារដែលប្រធានាធិបតីរូបនេះបាន បង្ហោះ ឬវាមានន័យថា Twitter បានចាត់ទុកអ្វីដែលលោក ដូណាល់ ត្រាំ បានបង្ហោះនោះជាព័ត៌មានមិនគួរឲ្យទុកចិត្ត។
បទបញ្ជាលោក ត្រាំ ក៏កំពុងទទួលរងការរិះគន់ និងត្រៀមបញ្ចេញប្រតិកម្មផងដែរ ដោយក្រុមជំនាញផ្នែកច្បាប់នៅអាមេរិកបាននិយាយថា សភាជាតិ និងប្រព័ន្ធតុលាការត្រូវតែចេញមុខ ដើម្បីការពារការយល់ដឹងដោយស្របច្បាប់ ទៅលើបណ្តាញសង្គម៕