(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ពាក់ព័ន្ធជាមួយបណ្តាញទំនាក់ទំនងសង្គមបន្ទាប់ពីលោក បានចោទប្រកាន់ថា ប្រព័ន្ធទាំងនេះមានភាពលម្អៀងផ្នែកនយោបាយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។

មន្រ្តីសេតវិមានមួយចំនួន បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងដូចខាងលើនេះ នៅពេលអមដំណើរលោក ត្រាំ ត្រឡប់ពីរដ្ឋផ្លូរីដាទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនវិញ នៅលើយន្តហោះ Air Force One នៅថ្ងៃពុធសប្តាហ៍នេះ។ ប៉ុន្តែពួកគេមិនបានបញ្ជាក់លម្អិតអ្វីទៀតឡើយ ជុំវិញការត្រៀមចុះហត្ថលេខារបស់លោក ដូណាល់ ត្រាំ លើបទបញ្ជាប្រតិបត្តិ ទាក់ទងនឹងបណ្តាញទំនាក់ទំនងសង្គម។

កាលពីមុនចេញដំណើរឆ្ពោះទៅកាន់រដ្ឋផ្លូរីដា ដើម្បីទៅពិនិត្យមើលការបាញ់បង្ហោះបញ្ជូនអវកាសយានិកឡើងទៅកាន់ ស្ថានីយអវកាសអន្តរជាតិ ISS ដោយទីភ្នាក់ងារអវកាស NASA និងក្រុមហ៊ុនអវកាស SpaceX លោក ត្រាំ បានចោទប្រកាន់ជាថ្មីថា Twitter និងបណ្តាញសង្គមដទៃទៀត មានភាពលម្អៀង ប៉ុន្តែលោកពុំបានបញ្ជាក់ឲ្យច្បាស់ថា ភាពលម្អៀងនោះជាអ្វីឡើយ។ លោក ត្រាំ ក៏បានព្រមានបិទប្រព័ន្ធទាំងនេះចោលថែមទៀតផង។ ដោយឡែក ព្រឹត្តិការណ៍បាញ់បង្ហោះយាន ត្រូវបានពន្យារពេលព្រោះតែអាកាសធាតុមិនល្អ ដូច្នេះលោក ត្រាំ ក៏បានឡើងយន្តហោះ វិលទៅរដ្ឋធានីវ៉ាស៊ីនតោនវិញ។

គួរជម្រាបថា ការប្រតិកម្មធ្ងន់ៗពីលោកប្រធានាធិបតីអាមេរិកបែបនេះ ទៅលើក្រុមហ៊ុនបណ្តាញសង្គមអាមេរិក កើតមានឡើងបន្ទាប់ពី Twitter ជាលើកដំបូងបំផុតបានសម្រេចធ្វើសកម្មភាព ប្រឆាំងនឹងការបង្ហោះសារមិនពិតរបស់លោក។ បណ្តាញសង្គម Twitter បានភ្ជាប់ នូវសញ្ញាឲ្យមានការប្រុងយ័ត្ន នៅលើសារមួយដែលលោកបង្ហោះកាលពីថ្ងៃអង្គារ ដែលវាជាការប្រាប់ឲ្យអ្នកអានស្វែងរកព័ត៌មានពិតប្រាកដ ទាក់ទងនឹងអ្វីដែលលោក ត្រាំ បានអះអាង៕