(សេអ៊ូល)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ ៧៩នាក់នៅរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលជាចំនួនខ្ពស់ថ្មីមួយទៀត បើធៀបនឹងតួលេខឆ្លង ៤០នាក់ កាលពីថ្ងៃពុធម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

តួលេខឆ្លងប្រចាំថ្ងៃខាងលើនេះ គឺខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីថ្ងៃទី០៥ ខែមេសា ដែលនាំឲ្យចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ កើនឡើងដល់ ១១,៣៤៤ករណី ក្នុងនោះស្លាប់សរុប ២៦៩នាក់ និងជាសះស្បើយ ១០,៣៤០នាក់។

គួរបញ្ជាក់ថា នៅក្នុងចំណោមករណីឆ្លងទាំង ៧៩នាក់ថ្មីខាងលើនេះ គឺមាន ៦៨នាក់ជាប្រភេទករណីឆ្លងក្នុងស្រុក និង ១១នាក់ជាករណីនាំចូល។ អាជ្ញាធរកូរ៉េខាងត្បូងកំពុងតែតាមដានបន្តទៀត ចំពោះការផ្ទុះករណីឆ្លងជាចង្កោមនៅក្នុងឃ្លាំងស្តុកទំនិញមួយ ស្ថិតនៅតំបន់ ប៊ូឈន់ (Bucheon) ភាគខាងលិចរដ្ឋធានីសេអ៊ូល ដែលជាប្រភពដើមនៃការផ្ទុះករណីថ្មីៗពីរថ្ងៃមកនេះ ខណៈមនុស្សរហូតដល់ទៅជាង ៣,៦០០នាក់ ត្រូវបានណែនាំឲ្យទៅធ្វើតេស្ត៕