(មីនីសូតា)៖ មន្ត្រីប៉ូលិសអាមេរិក ៤នាក់ នៅក្នុងរដ្ឋមីនីសូតា (Minnesota) ត្រូវបានបណ្ដេញចេញពីតំណែង បន្ទាប់ពីបុរសស្បែកខ្មៅ មិនមានអាវុធក្នុងដៃម្នាក់ បានស្លាប់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ កំឡុងត្រូវបានប៉ូលិសឃាត់ខ្លួន។ មរណភាពរបស់បុរសស្បែកខ្មៅរូបនេះ បានបង្កឱ្យមានបាតុកម្មតវ៉ាជាថ្មី ប្រឆាំងនឹង អំពើហិង្សាប្រព្រឹត្តឡើងដោយប៉ូលិសស្បែកស លើពលរដ្ឋអាមេរិកស្បែកខ្មៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០។
ការបណ្ដេញមន្ត្រីប៉ូលិសទាំង៤នាក់ខាងលើ ចេញពីតំណែងធ្វើឡើយដោយ អគ្គមេបញ្ជាការប៉ូលិសនៃទីក្រុង Minneapolis លោក Medaria Arradondo នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។ បើតាមវីដេអូមួយ បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម បុរសស្បែកខ្មៅ ម្នាក់មានឈ្មោះថា George Floyd ត្រូវបានប៉ូលិសស្បែកសម្នាក់ យកជង្គង់សង្កត់លើកអស់រយៈពេលជាច្រើននាទី បើទោះជាមានការអង្វរយ៉ាងណាក៏ដោយ។
នៅក្នុងវីដេអូដដែល លោក Floyd មានអាយុប្រហែលជា៤០ឆ្នាំ បានស្រែកយំ និងសុំអង្វរឱ្យប៉ូលិសយកជង្គង់ចេញពីករបស់ខ្លួន ដោយសារតែពិបាកដង្ហើម។ ប៉ុន្តែ ប៉ូលិសស្បែកសរូបនោះ មិនបានខ្វល់ពីការអង្វរនេះទេ។ លោក Floyd ត្រូវបានគេទទួលស្គាល់ថាបានស្លាប់ កំឡុងត្រូវបានប៉ូលិសចាប់ខ្លួន ពីបទសង្ស័យថាមានជាប់ ពាក់ព័ន្ធនឹងការ «ក្លែងបន្លំមួយ»។ ប៉ុន្តែ មកទល់នឹងពេលនេះ ប៉ូលិស FBI នៅតែបន្តការស៊ើបអង្កេតនៅឡើយលើករណីនេះ ដែលបានក្លាយជារឿងធម្មតាទៅហើយ នៅសហរដ្ឋអាមេរិក៕