(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Google លោក Sundar Pichai បានប្រាប់បុគ្គលិករបស់លោកថា ក្រុមហ៊ុនគ្រោងនឹងបើកការិយាល័យ មួយចំនួនឡើងវិញ នៅតាមទីក្រុងជាច្រើននៅថ្ងៃទី៦ ខែកក្កដា ខាងមុខ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកខ្លះដូចជា Twitter ជាដើមបានប្រកាសអនុញ្ញាត ឱ្យបុគ្គលិកខ្លះរបស់ខ្លួនអាចធ្វើការពីផ្ទះអស់មួយជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០។
បើតាមលោក Sundar Pichai បុគ្គលិកនៅតាមការិយាល័យទាំងនោះ អាចត្រឡប់ទៅធ្វើការនៅការិយាល័យវិញបាន ដោយនឹងត្រូវកំណត់ចំនួនឱ្យនៅត្រឹម ១០ភាគរយ នៃចំនួនមនុស្សនៅក្នុងអគារនៅជំហានដំបូង ហើយនឹងបង្កើនដល់៣០ភាគរយ នៅខែកញ្ញា។ ប៉ុន្តែ នាយកប្រតិបត្តិរូបនេះ មិនបានបញ្ជាក់លម្អិត ថាការិយាល័យណាខ្លះឱ្យប្រាកដ ដែលនឹងត្រូវបើកទ្វារឡើងវិញនោះទេ។
គួរជម្រាបថា ការសម្រេចចិត្តបើកការិយាល័យឡើងវិញរបស់ Google គឺផ្ទុយគ្នាទៅនឹងក្រុមហ៊ុន Twitter (TWTR) និង Facebook (FB) ដែលក្រុមហ៊ុន ទាំង២នេះធ្លាប់បានប្រកាសពីផែនការគាំទ្រឱ្យបុគ្គលិកខ្លះអាចធ្វើការពីផ្ទះ ឬពីចំងាយជាអចិន្ត្រៃយ៍ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19៕