(ហុងកុង)៖ ប្រព័ន្ធផ្សព្វផ្សាយហុងកុងនាថ្ងៃពុធនេះ បានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានពង្រីកវិសាលភាពថែមទៀត លើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុង ដែលកំពុងបង្កភាពចម្រូងចម្រាសស្រាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០។
សារព័ត៌មានហុងកុង RTHK និង South China Morning Post បានចុះផ្សាយថា សេចក្តីព្រាងច្បាប់ខាងលើ កំពុងស្ថិតក្រោមការកែសម្រួលបន្ថែមទៀត ដែលវានឹងគ្របដណ្តប់លើសកម្មភាពផ្សេងៗរបស់បុគ្គល ឬមួយក៏អង្គការនានា ដែលអាចបង្កការគំរាមកំហែង ដល់សន្តិសុខជាតិរបស់ប្រទេសចិនទាំងមូល។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានស្នើច្បាប់សន្តិសុខជាតិនេះ សម្រាប់អនុវត្តលើទីក្រុងហុងកុងកាលពីសប្តាហ៍នេះ ហើយវាបាន និងកំពុងបង្កឲ្យមានការបង្ហាញក្តីបារម្ភ ពីសំណាក់ក្រុមការពារសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងរដ្ឋាភិបាលលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកតែម្តង។
ដោយសារតែបញ្ហានេះ ការធ្វើបាតុកម្មទ្រង់ទ្រាយធំ ក៏បានផ្ទុះឡើងជាថ្មីវិញនៅហុងកុង ដោយក្រុមអ្នកតវ៉ាបានចោទចិនថា មានគោលដៅចង់រឹតត្បិតសិទ្ធិសេរីភាព របស់ទីក្រុងស្វយ័តពិសេសមួយនេះ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ប្រកបដោយសិទ្ធិសេរី ភាពធំទូលាយជាងដែនដីដទៃៗទៀតរបស់ចិន។ យ៉ាងណាមិញ ទីក្រុងប៉េកាំងនិងរដ្ឋាភិបាលហុងកុងផ្ទាល់បានទទូចថា សេចក្តីព្រាងច្បាប់ នេះ មិនបង្កការគំរាមកំហែងអ្វី ដល់សិទ្ធិសេរីភាពរបស់ហុងកុងនោះឡើយ។
គួរបញ្ជាក់ថា ច្បាប់ស្ដីពីសន្តិសុខសម្រាប់ទីក្រុងហុងកុង ស្នើឡើងដោយប្រទេសចិន មានគោលដៅទប់ស្កាត់សកម្មភាពទាមទារឯករាជ្យ, អបគមន៍, ភេរវកម្ម, និងការលូកដៃចូលកិច្ចការផ្ទៃក្នុងពីបរទេស។ ក្រុមចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យអះអាងថា ច្បាប់នេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាព និងលទ្ធិប្រជាធិបតេយ្យ របស់ទីក្រុងហុងកុង។ ក៏ប៉ុន្តែនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី Carrie Lam បានច្រានចោលរាល់ការព្រួយបារម្ភទាំងឡាយចំពោះច្បាប់នេះ ដ្បិតវានឹងមិនធ្វើឱ្យបំផ្លាញសេរីភាពអ្វីទាំងអស់ ហើយគ្រប់គ្នាគួររង់ចាំមើល សេចក្តីលម្អិតនៅក្នុងច្បាប់នោះជាមុនសិន៕