(តូក្យូ)៖ នៅថ្ងៃពុធនេះរដ្ឋាភិបាលជប៉ុន នឹងអនុម័តកញ្ចប់ថវិកាជំនួយទីពីរ ដែលមានទំហំជិត ១២០ទ្រីលានយេន ឬស្មើនឹង ១.១ទ្រីលានដុល្លារ ដើម្បីជួយដល់ក្រុមហ៊ុនជប៉ុននានា ដែលរងគ្រោះដោយសារវិបត្តិ COVID-19។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០។
កាលពីខែមេសាកន្លងទៅ រដ្ឋាភិបាលជប៉ុនក៏ធ្លាប់បានបញ្ចេញកញ្ចប់ថវិកា ទំហំប្រហាក់ប្រហែលគ្នាគឺ ១.១ទ្រីលានដុល្លារម្តងរួចមកហើយ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិ។ ក្នុងកិច្ចប្រជុំមួយជាមួយមន្រ្តីរដ្ឋាភិបាល និងសមាជិកសភាជប៉ុននៅព្រឹកថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ បានបញ្ជាក់ឲ្យដឹងថា បើបូកកញ្ចប់ថវិកាទាំងពីរចូលគ្នា កញ្ចប់ថវិកាសង្រ្គោះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន នឹងមានទំហំលើសពី ២៣០ទ្រីលានយេន ដែលស្មើនឹងជាង ២ទ្រីលានដុល្លារអាមេរិក។
គួរជម្រាបថា រដ្ឋាភិបាលជប៉ុនទើបតែបានដកភាពអាសន្នសម្រាប់ COVID-19 ចេញពីប្រទេសវិញទាំងស្រុង បន្ទាប់ពីការរាតត្បាតនៃជំងឺនេះ បានថមថយនៅក្នុងប្រទេសខ្លួន។ គិតត្រឹមព្រឹកថ្ងៃពុធនេះ ជប៉ុនបានរកឃើញករណីឆ្លង COVID-19 សរុប ១៦,៦២៣ករណី ក្នុងនោះស្លាប់ចំនួន ៨៤៦នាក់ និងជាសះស្បើយឡើងវិញ ១៣,៨១០នាក់៕