(តូក្យូ)៖ J-League ដែលជាក្របខណ្ឌបាល់ទាត់លីគកំពូលរបស់ប្រទេសជប៉ុន មានគម្រោងចាប់ផ្តើមប្រកួតវិញចាប់ពីថ្ងៃទី២៧ ខែមិថុនា ឬថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីផ្អាកជាបណ្តោះអាសន្នជិត ៤ខែមកនេះ ដោយសារការរាតត្បាតនៃជំងឺ COVID-19 ដ៏ខ្លាំងក្លា។
យោងតាមការចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន Kydo News របស់ជប៉ុនតែម្តងបានឲ្យដឹងថា J-League កាន់តែប្រកៀកក្នុងការត្រឡប់មកវិញនៅចុងខែក្រោយ ឬដើមខែបន្ទាប់ ក្រោយពេលប្រទេសជប៉ុនបានដកបម្រាម ដាក់ប្រទេសក្នុងគ្រាមានអាសន្ននាពេលថ្មីៗនេះ។
តែយ៉ាងណា ប្រភពពីលីគកំពូលជប៉ុនដែលធ្វើការចេញផ្សាយនៅថ្ងៃអង្គារម្សិលមិញបានឲ្យដឹងថា កាលបរិច្ឆេទប្រកួត ក៏ដូចជាកម្មវិធីប្រកួតនឹងត្រូវធ្វើការប្រកាសជាផ្លូវការ នៅថ្ងៃសុក្រសប្តាហ៍នេះ ក្រោយពេលលោក Mitsuru Murai នាយកប្រតិបត្តិ J-League បានធ្វើការកោះប្រជុំរវាងថ្នាក់ដឹកនាំក្លិបនានាក្នុងរយៈពេល ៤-៥សប្តាហ៍មកនេះ ដើម្បីដាក់ចេញនូវគោលការណ៍ថ្មី និងបញ្ចៀសកូវីដ-១៩ ថែមទៀតនោះ អំពីការកំណត់ចំនួនមនុស្សចូលទីលាន និងប្រកួតបិទទ្វារជាដើម។
J-League របស់ជប៉ុនរដូវកាលថ្មី ទើបតែចាប់ផ្តើមបាន ១ប្រកួតប៉ុណ្ណោះនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ មុនត្រូវបានផ្អាកទៅវិញជាបណ្តោះអាសន្នដោយសារវិបត្តិ COVID-19 រាតត្បាតជាសកល ក្នុងចំណោម ១៨ក្រុមចូលរួម៕