(ញូដេលី)៖ ក្រុមប្រឹក្សារដ្ឋឥណ្ឌាសម្រាប់ការស្រាវជ្រាវជីវឱសថ (ICMR) បានបង្ហាញការគាំទ្រដល់ការប្រើប្រាស់ ថ្នាំប្រឆាំងគ្រុនចាញ់ប្រភេទ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) ដើម្បីប្រយុទ្ធតទល់នឹងវីរុសកូរ៉ូណា (COVID-19) បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសឲ្យផ្អាកការសាកល្បងថ្នាំនេះមួយរយៈ ដោយសារតែការព្រួយបារម្ភចំពោះសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០។
ការប្រកាសរបស់ឥណ្ឌាខាងលើនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមស្រាវជ្រាវឱសថ នៃប្រទេសអាស៊ីខាងត្បូងមួយនេះ បានធ្វើការពិសោធន៍ និងរកឃើញថា «គ្មានផលប៉ះពាល់ធំដុំអ្វីឡើយ» ចំពោះការប្រើប្រាស់ថ្នាំប្រឆាំងគ្រុនចាញ់ hydroxychloroquine ដើម្បីជាវិធានការទប់ស្កាត់ការឆ្លង COVID-19។ ការប្រកាសក៏បានកើតមានឡើងមួយសប្តាហ៍ផងដែរ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហើបថា លោកតែងតែលេបថ្នាំប្រភេទនេះជានិច្ច ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា ប៉ុន្តែលោកក៏បានទទួលការរិះគន់ពីក្រុមជំនាញវេជ្ជសាស្ត្រ រហូតដល់ប្រធានាធិបតីរូបនេះព្រមផ្អាកលេបថ្នាំនេះផងដែរ។
ជុំវិញបញ្ហាខាងលើនេះ នាយកស្ថាប័ន ICMR លោក បាលរ៉ាម បាហ្គាវ៉ា (Balram Bhargava) បាននិយាយថា ការសិក្សា និងពិសោធន៍លើថ្នាំ hydroxychloroquine មិនបានឲ្យយើងឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ ប៉ុន្តែមនុស្សមួយចំនួនបានកើតមានអការៈ ចង្អោរ ក្អួត និងញ័រទ្រូង (បេះដូងលោតខុសប្រក្រតី)។ ICMR បានណែនាំឲ្យមន្ត្រីពេទ្យជួរមុខឥណ្ឌា ដែលកំពុងប្រយុទ្ធប្រឆាំងនឹង COVID-19 លេបថ្នាំនេះតាមវេជ្ជបញ្ជាត្រឹមត្រូវ ដើម្បីការពារខ្លួនពីការឆ្លង។
គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ អង្គការសុខភាពពិភពលោក បានសម្រេចផ្អាកការធ្វើតេស្តសាកល្បងថ្នាំប្រឆាំងគ្រុនចាញ់ hydroxychloroquine ដោយសារតែព្រួយបារម្ភពីផលប៉ះពាល់របស់វា ចំពោះអ្នកមានបញ្ហាបេះដូង ប៉ុន្តែកាលពីថ្ងៃអង្គារម្សិលមិញនេះ WHO បានសម្រេចជាថ្មីថា នឹងពិនិត្យឡើងវិញអំពីសុវត្ថិភាពនៃថ្នាំប្រភេទនេះ ឲ្យបាននៅពាក់កណ្តាលខែមិថុនា៕