(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ីនៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ នេះបានប្រកាសថា អ្នកជំងឺ COVID-19 ចំនួន ១៧៤នាក់បន្ថែមទៀត បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 កើនដល់ ៣,៨០៧នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បន្ថែមពីខាងលើនេះ នារយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា អ្នកឆ្លង COVID-19 ចំនួន ៨,៩១៥ករណីថ្មីក៏ត្រូវបានរាយការណ៍ផងដែរ នំាឱ្យអ្នកឆ្លងទូទាំងប្រទេសកើនដល់ ៣៦២,៣៤២នាក់ជាប់លេខ ៣ លើពិភពលោក​បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។ អាជ្ញាធរសុខាភិបាលរុស្ស៊ីបានបន្ថែមថា គិតត្រឹមថ្ងៃអង្គារនេះ អ្នកជំងឺ ១៣១,១២៩នាក់ បានជាសះស្បើយឡើងវិញ ខណៈមនុស្ស ៩.១លាននាក់បានទទួលការធ្វើតេស្ដរក COVID-19។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីចាត់ទុកថាខ្លួនបានឆ្លងផុតចំណុចកំពូល​នៃការឆ្លងរាលដាល COVID-19 រួចទៅហើយ ខណៈលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានណែនាំឲ្យក្រសួងសុខាភិបាល ត្រៀមខ្លួនទុកជាមុនចំពោះការផ្ទុះរលកទី ២ ដែលអាចកើតមានឡើង៕