(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមយុទ្ធនាការថ្មីមួយទៀត ក្រោមពាក្យស្លោកថា «no mask, no ride» ឬ «គ្មានម៉ាស ហាមជិះ» សម្រាប់អ្នកប្រើប្រាស់សេវារថយន្តក្រុង និងតាក់ស៊ី ដើម្បីទប់ស្កាត់ការចម្លងជំងឺ COVID-19 នៅក្នុងសេវាធ្វើដំណើរសាធារណៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។

ការចាប់ផ្តើមយុទ្ធនាការខាងលើនេះ បានកើតមានឡើងដោយសារតែករណីឆ្លង COVID-19 នៅតែបន្តកើតមានក្នុងរង្វង់ ២០ករណីជាប្រចាំថ្ងៃ ឬលើសនេះទៀតនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈការចេញដើរហើររបស់ប្រជាជន ក៏កាន់តែមានសន្ទុះខ្លាំងក្លាឡើងវិញផងដែរ។ មិនត្រឹមតែអ្នកដំណើរត្រូវពាក់ម៉ាសនោះទេ ដោយសូម្បីតែតៃកុងឡានក្រុង ឬតាក់ស៊ី ក៏តម្រូវឲ្យពាក់ម៉ាសផងដែរ នៅពេលមានអ្នកដំណើរនៅក្នុងរថយន្ត ខណៈអាជ្ញាធរកូរ៉េខាងត្បូងបានផ្តល់សិទ្ធិ ឲ្យម្ចាស់រថយន្តក្រុង ឬតាក់ស៊ីទាំងអស់ អាចរារាំងអ្នកដំណើរណាដែលមិនព្រមពាក់ម៉ាស កុំឲ្យឡើងរថយន្តរបស់ពួកគេ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃអង្គារនេះ កូរ៉េខាងត្បូងបានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ចំនួន ១៩ករណីថ្មីទៀត ធ្វើឲ្យចំនួនសរុបកើនដល់ ១១,២២៥ករណី ក្នុងនោះអ្នកស្លាប់កើនដល់ ២៦៩នាក់ (២នាក់ថ្មីទើបប្រកាស) និងអ្នកជាសះស្បើយ កើនឡើងដល់ ១០,២៧៥នាក់។ កូរ៉េខាងត្បូងធ្លាប់ត្រូវបានគេចាត់ទុកថា ជាប្រទេសជោគជ័យក្នុងការទប់ស្កាត់ COVID-19 និងដាក់វាឲ្យស្ថិតក្នុងការគ្រប់គ្រង ប៉ុន្តែក្រោយការផ្ទុះករណីឆ្លងជាចង្កោមនៅទីក្រុងសេអ៊ូល កាលពីប៉ុន្មានសប្តាហ៍មុននេះ ធ្វើឲ្យប្រទេសនេះកាន់តែព្រួយបារម្ភ ពីលទ្ធភាពដែលអាចផ្ទុះ COVID-19 រលកទី២៕