COVID-19: WHO ផ្អាកការធ្វើតេស្ដថ្នាំ hydroxychloroquine ដោយសារបារម្ភពីសុវត្ថិភាព (Video inside)
26-05-2020 11:35
(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចចិត្តផ្អាកការធ្វើតេស្ដថ្នាំប្រឆាំងជំងឺគ្រុនចាញ់ hydroxychloroquine លើអ្នកជំងឺ COVID-19 ដោយសារព្រួយបារម្ភពីសុវត្ថិភាព។ នេះបើតាមលោក Tedros Adhanom Ghebreyesus ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។
លោក Tedros Adhanom Ghebreyesus ជាអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ធ្វើការប្រកាសបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន តាមប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក Tedros បានលើកឡើងដូច្នេះថា៖ «ក្រុមនាយកប្រតិបត្តិ បានផ្អាកការធ្វើតេស្ត ថ្នាំ hydroxychloroquine ខណៈទិន្នន័យសុវត្ថិភាព កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ»។ លោកបន្តថា ការធ្វើតេស្ដថ្នាំដទៃទៀតដែលមានសក្ដានុពល សម្រាប់ការព្យាបាល COVID-19 នៅតែបន្តធ្វើឡើងទៅមុខ។
គួរជម្រាបថា អង្គការសុខភាពពិភពលោក ធ្លាប់បានព្រមានជារឿយៗប្រឆាំងនឹងការប្រើប្រាស់ថ្នាំ hydroxychloroquine ព្យាបាល ឬបង្ការ COVID-19 លើកលែងតែនៅក្នុងការធ្វើតេស្តតែប៉ុណ្ណោះ។ ប៉ុន្តែ ថ្នាំ hydroxychloroquine ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាក់ច្រើនលើកថា មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាល COVID-19 ហើយលោកផ្ទាល់ថែមទាំងបានអះអាងថា ធ្លាប់បានប្រើប្រាស់ថ្នាំនេះ ដើម្បីបង្ការ COVID-19 ទៀតផង បើទោះជាមានការព្រមានពីក្រុមមន្ត្រីជំនាញរបស់លោកក៏ដោយ៕