(ប៉េកាំង)៖ មន្ត្រីយោធា និងទាហានចិន ដែលកំពុងឈរជើងនៅក្នុងមូលដ្ឋានយោធាភូមិភាគទីក្រុងហុងកុង មានការប្ដេជ្ញាចិត្ត និងសមត្ថភាពខ្ពស់ក្នុងការការពារ អធិបតេយ្យជាតិចិន ព្រមទាំងភាពរុងរឿងដ៏យូរអង្វែង និងសន្តិសុខសម្រាប់ទីក្រុងហុងកុងទាំងមូល។ នេះបើតាមមេបញ្ជាការយោធាភូមិភាគ ក្រុងហុងកុង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។

មេបញ្ជាការយោធាភូមិភាគក្រុងហុងកុង លោក ឈិន ដាវស៊ីង (Chen Daoxiang) ធ្វើការកត់សម្គាល់បែបនេះ កំឡុងការធ្វើបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋចិន។ ស្ថិតក្នុងឱកាសនោះលោក ឈិន បានបន្ថែមថា យោធាភូមិភាគរបស់លោក គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង ដែលស្នើឡើងដោយសភាប្រជាជនចិន។

បើតាមទីក្រុងប៉េកាំង ច្បាប់សន្តិសុខជាតិថ្មីគឺមានគោលដៅទប់ស្កាត់ ការបះបោរបំបែកទីក្រុងហុងកុងចេញពីចិន, ការបង្កើតតំបន់អបគមន៍ និងសកម្មភាពភេរវកម្ម ដែលធ្លាប់បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសហគមន៍ការទូត។ ប៉ុន្តែទន្ទឹមគ្នា ច្បាប់ថ្មីនេះដែលមិនទាន់ត្រូវបានអនុម័តនៅឡើយ បានទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ចលនាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ដោយពួកគេចាត់ទុកថា ច្បាប់នេះធ្វើឱ្យប៉ះពាល់សេរីភាព និងប្រជាធិបតេយ្យ ខណៈសហរដ្ឋអាមេរិកវិញក៏កំពុងត្រៀមខ្លួន ចូលលូកលាន់ចូលបញ្ហានេះដែរ។

កាលពីថ្ងៃអាទិត្យកន្លងទៅ ប៉ូលិសហុងកុង បានសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុកររាប់ពាន់នាក់ ដែលបានប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងច្បាប់ថ្មីនេះ។ ប៉ូលិសហុងកុងកាលពីថ្ងៃចន្ទ ក៏បានបញ្ជាក់ដែរថា បាតុករច្រើនជាង ១៨០នាក់ត្រូវបានចាប់ខ្លួន សម្រាប់ការប្រមូលផ្ដុំគ្នាដោយខុសច្បាប់ និងប្រព្រឹត្តអំពើហិង្សា។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារនេះ អភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ បានលើកឡើងថា សេចក្តីព្រាងច្បាប់សន្តិសុខថ្មី ដែលរៀបចំឡើងដោយទីក្រុងប៉េកាំងនោះ នឹងមិនបង្កផលប៉ះពាល់ដល់សន្តិសុខ សិទ្ធិស្វ័យភាព និងសេរីភាពរបស់ទីក្រុងហុងកុងឡើយ។ លោកស្រី ឡាំ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា បណ្តាអ្នកដែលព្រួយបារម្ភទាំងនោះ គួរតែរង់ចាំមើលសេចក្តីលម្អិត នៅក្នុងច្បាប់ថ្មីនោះជាមុនសិន៕