(បរទេស)៖ នៅពេលដែលប្រទេសហ្វីលីពីនត្រូវការធនធាន ដើម្បីប្រយុទ្ធប្រឆាំងជាមួយការរាតត្បាតនៃជំងឺឆ្លង COVID-19 ទីក្រុងម៉ានីល មិនបានងាកទៅរកសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ខ្លួនឡើយ តែបែរជាទៅរកចិនឯណោះវិញ។ តើទីក្រុងវ៉ាស៊ីនតោន កំពុងបាត់បង់សម្ព័ន្ធមិត្តយោធាដ៏ចំណាស់បំផុតប្រចាំនៅតំបន់អាស៊ី ឬក៏យ៉ាងណា?
បើតាមប្រវត្តិសាស្រ្ត ហ្វីលីពីនធ្លាប់ស្ថិតក្រោមអាណានិគមរបស់អាមេរិក អស់រយៈពេលជិតកន្លះសតវត្សរ៍ និងជាសម្ព័ន្ធមិត្តវិស័យយោធាដ៏ចំណាស់បំផុតរបស់អាមេរិក ប្រចាំនៅតំបន់អាស៊ី។ ប៉ុន្តែប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បាននិងកំពុងរសាត់កាន់តែឃ្លាតឆ្ងាយទៅៗពីសហរដ្ឋអាមេរិក ហើយឆ្ពោះទៅរកប្រទេសចិន ដែលជាគូប្រជែងមហាអំណាចដ៏ធំក្នុងកែវភ្នែករបស់អាមេរិក។
ពាក់ព័ន្ធនឹងបញ្ហា COVID-19 នៅពេលសហរដ្ឋអាមេរិក បានឈ្ងោកទម្លាក់កំហុសលើទីក្រុងប៉េកាំង ជុំវិញវិបត្តិជំងឺឆ្លងជាសកលនេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីនបានចេញមុខការពារចិន និងបានអរគុណចិនថែមទៀត សម្រាប់ការបញ្ជូនជំនួយជាសម្ភារប្រយុទ្ធប្រឆាំង COVID-19 និងក្រុមគ្រូពេទ្យជំនាញ។ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តក៏បានផ្តល់ជំនួយឲ្យហ្វីលីពីនដូចគ្នាដែរ ប៉ុន្តែលោក ឌូតឺតេ សឹងតែមិនបានទទួលស្គាល់វាឡើយ គឺផ្ទុយពីចិនដាច់។
កន្លងមកលោក ឌូតឺតេ បានលើកតម្កើនចិនថា ជាអ្នកវិនិយោគធំបំផុតនៅក្នុងប្រទេសហ្វីលីពីន ហើយលោកបានជំរុញគោលនយោបាយការបរទេស ដែលឯករាជ្យជាងមុន ឬអាចនិយាយបានថា «គោលនយោបាយកាត់បន្ថយការពឹងផ្អែកពីអាមេរិក ហើយងាកទៅផ្តោតលើចិនច្រើនជាងមុន»។
កាលពីខែកុម្ភៈកន្លងទៅ លោក ឌូតឺតេ បានប្រកាសរំលាយកិច្ចព្រមព្រៀងយោធាដ៏សំខាន់មួយហៅកាត់ថា VFA ជាមួយសហរដ្ឋអាមេរិក ក្រោយពីទីក្រុងវ៉ាស៊ីនតោនលុបចោលទិដ្ឋាការ សម្រាប់បុគ្គលដ៏ជំនិតម្នាក់របស់លោក។ អ្វីដែលគួរឲ្យកត់សម្គាល់ផ្សេងទៀតរួមមានការដែលលោក ត្រាំ ធ្លាប់ទៅទស្សនកិច្ចនៅទីក្រុងម៉ានីល ប៉ុន្តែមកទល់ពេលនេះលោក ឌូតឺតេ មិនធ្លាប់ទៅទស្សនកិច្ចនៅវ៉ាស៊ីនតោនសូម្បីតែម្តងឡើយ ហើយបានបដិសេធចំពោះការអញ្ជើញផ្ទាល់របស់លោក ត្រាំ ថែមទៀត ខណៈលោកធ្លាប់ទៅទស្សនកិច្ច នៅរដ្ឋធានីប៉េកាំងរបស់ចិនដល់ទៅ ០៤លើក។
បើក្រឡេកទៅមើលមូលដ្ឋានទ័ពអាកាសមួយកន្លែង ស្ថិតនៅភាគពាយ័ព្យទីក្រុងម៉ានីល ដែលធ្លាប់ជាកន្លែងយុទ្ធសាស្ត្រចម្បងរបស់យោធាអាមេរិក ប្រចាំនៅតំបន់ប៉ាស៊ីហ្វិកខាងលិច កំឡុងសម័យសង្រ្គាមកូរ៉េ និងសង្រ្គាមវៀតណាម បច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍឲ្យក្លាយទៅជាទីក្រុងមួយ ជាមួយការវិនិយោគយ៉ាងច្រើនសម្បើមពីសំណាក់វិនិយោគិនចិន។
គួរជម្រាបថា យ៉ាងណាក្តីឥទ្ធិពលរបស់អាមេរិកហាក់នៅតែបន្តជាប់ដិតដាន ក្នុងប្រទេសហ្វីលីពីនដដែលរួមមាន វប្បធម៌សម័យទំនើបដែលពេញនិយម ការហ្វឹកហាត់របស់យោធា និងសំណង់ផ្សេងៗ សុទ្ធតែត្រូវបានយកលំនាំតាមសហរដ្ឋអាមេរិក។ លទ្ធផលស្ទង់មតិវិញបានបង្ហាញថា ហ្វីលីពីននៅតែជាប្រទេសដែលនៅខាងអាមេរិកបំផុត លើពិភពលោកនេះ ហើយប្រជាជនហ្វីលីពីនភាគច្រើនជឿទុកចិត្តអាមេរិកជាជាងចិន។ ខណៈលោក ឌូតឺតេ កំពុងព្យាយាមងាកចេញពីអាមេរិក ដើម្បីទៅចាប់ចិនមែន ប៉ុន្តែវាមិនច្បាស់ថា ប្រទេសហ្វីលីពីននឹងស្ម័គ្រចិត្តដើរតាមលោកបានចម្ងាយណាឡើយ៕
ប្រភព៖ វែបសាយ AXIOS (ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០)