(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ថ្មីៗចំនួន ០២ករណី និងអ្នកស្លាប់ម្នាក់បន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
លោក ថាវីស៊ីន វិសានុយោធិន (Taweesin Wisanuyothin) ជាអ្នកនាំមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 នៃក្រសួងសុខាភិបាលថៃ បានបញ្ជាក់ឱ្យដឹងទៀតថា បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៣,០៤២ករណី ក្នុងនោះស្លាប់ ៥៧នាក់ ចាប់តាំងពីជំងឺឆ្លងរាតត្បាតនេះផ្ទុះឡើងកាលពីខែមករា ឆ្នាំ២០២០ ក្នុងប្រទេសអាស៊ានមួយនេះ។ ទោះជាបែបនេះក្តីអ្នកជំងឺប្រមាណ ៩៦ភាគរយ ឬស្មើនឹង ២,៩២៨នាក់បានជាសះស្បើយឡើងវិញរួចទៅហើយ។
ប្រទេសថៃកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានប្រកាសអូសបន្លាយពេលដាក់ប្រទេសក្នុងគ្រាអាសន្ន រហូតដល់ចុងខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ខណៈរដ្ឋាភិបាលទីក្រុងបាងកក កំពុងត្រៀមបន្ធូរបន្ថយវិធានការរឹតត្បិត។ ការអូសបន្លាយពេលនេះត្រូវបានគេរំពឹងថា នឹងត្រូវបានគណៈរដ្ឋមន្ត្រីថៃអនុម័ត នៅថ្ងៃអង្គារសប្ដាហ៍នេះ៕