(ញូដេលី)៖ នៅក្នុងរបាយការណ៍ថ្មីសម្រាប់ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅ ៦,៩៧៧នាក់ឯណោះខណៈអ្នកជំងឺ ១៥៤នាក់ទៀតបាត់បង់ជីវិតនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
តួលេខឆ្លងប្រចាំថ្ងៃខាងលើនេះ គឺខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឥណ្ឌាកើតមានករណីឆ្លងជំងឺ COVID-19 កន្លងមកនេះ។ បើបូកបន្ថែមតួលេខថ្មីៗបន្ថែមទៀតធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបកើនដល់ ១៣៨,៨៤ករណី ក្នុងនោះស្លាប់សរុប ៤,០២១នាក់ និងជាសះស្បើយឡើងវិញ ៥៧,៧២១នាក់ ខណៈ ៧៧,១០៣នាក់កំពុងសម្រាកព្យាបាលនៅទូទាំងប្រទេសឥណ្ឌា។
គួរបញ្ជាក់ថា តំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារតែជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌាគឺរដ្ឋមហារ៉ាស្ត្រា (Maharashtra) ស្ថិតនៅភាគខាងលិចដែលមានករណីឆ្លងសរុបជាង ៥០,០០០ករណី និងបន្ទាប់មកទៀតគឺទីក្រុងម៉ុមបៃស្ថិតនៅភាគខាងត្បូងប្រទេស ដែលមានករណីឆ្លងសរុបជាង ៣០,០០០ករណី។ ថ្ងៃចន្ទនេះគឺជាថ្ងៃទី ៦២ ហើយដែលប្រទេសឥណ្ឌាបិទប្រទេសដើម្បីទប់ស្កាត់ជំងឺ COVID-19 ខណៈវានឹងត្រូវអូសបន្លាយដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០៕