(តេហេរ៉ង់)៖ មេបញ្ជាការកងទ័ពអាកាស នៃសាធារណរដ្ឋឥស្លាមអ៉ីរ៉ង់ (IRIAF) លោក ម៉ូហាំម៉ាត់ ហ្សាលបៃហ្គី (Mohammad Zalbeigi) បាននិយាយថា ប្រទេសរបស់លោកនឹងបញ្ចេញយន្ដហោះ ចម្បាំងផលិតនៅក្នុងស្រុក ដ៏ថ្មីសន្លាងមួយនៅក្នុងពេលឆាប់ៗនេះ បើទោះជាកំពុងប្រឈមមុខ នឹងទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។
លោក Mohammad Zalbeigi បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុកយ៉ាងដូច្នេះថា «យើងនឹងអភិវឌ្ឍ ក៏ដូចជាផលិតយន្ដហោះចម្បាំងនៅក្នុងស្រុក ដ៏ថ្មីសន្លាងថ្មីមួយបន្ថែមទៀត ហើយយន្ដហោះចម្បាំងនេះ នឹងបង្ហាញខ្លួនក្នុងពេលអនាគតដ៏ខ្លីខាងមុខ»។
លោក Zalbeigi បន្ថែមទៀតថា យន្ដហោះចម្បាំងឈ្មោះកូសារ (Kowsar) បានបង្ហាញរួចហើយពីសមត្ថភាព និងភាពរីកចម្រើនទៅមុខរបស់កងទ័ពអាកាសអ៉ីរ៉ង់។ Kowsar គឺជាយន្ដហោះចម្បាំង ដែលត្រូវបានផលិតនៅក្នុងស្រុកដំបូងបំផុតរបស់អ៉ីរ៉ង់ ដែលបានបង្ហាញខ្លួនជាសាធារណៈកាលពីខែសីហា ឆ្នាំ២០១៨ ក្នុងពិធីសម្ដែងការហោះហើរមួយ ក្រោមការចូលរួមដោយផ្ទាល់ ពីសំណាក់ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាស្សាន់ រួហានី៕