(អាហ្រ្វិក)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក សាយរីល រ៉ាម៉ាផូសា (Cyril Ramaphosa) នាថ្ងៃអាទិត្យបាននិយាយថា វ៉ាក់សាំង COVID-19 ណាក៏ដោយឲ្យតែត្រូវបានអភិវឌ្ឍឡើងនៅលើផែនដីនេះ គួរតែត្រូវចែករំលែកដោយឥតគិតថ្លៃ និងដោយស្មើភាពដល់ប្រជាជន នៅតាមបណ្តាប្រទេសទាំងអស់ជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។
លោក Ramaphosa បានបន្តថា ការស្រាវជ្រាវអភិវឌ្ឍឲ្យបាននូវវ៉ាក់សាំងប្រឆាំង COVID-19 ជាកិច្ចប្រឹងប្រែងទ្រង់ទ្រាយធំលក្ខណៈជាសកល ដែលប្រទេសអាហ្រ្វិកខាងត្បូង ក៏បានចូលរួមចំណែកផងដែរ។ បើតាមលោក Ramaphosa រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងកំពុងតែជ្រោមជ្រែង និងផ្តល់ហិរញ្ញវត្ថុដល់គម្រោងស្រាវជ្រាវមួយចំនួន ក្នុងនោះរួមមានទាំងគម្រោងផលិតវ៉ាក់សាំង ក្នុងប្រទេសខ្លួនផ្ទាល់ថែមទៀតផង។
គួរជម្រាបថា យោងតាមទិន្នន័យចុងក្រោយបំផុត អាហ្វ្រិកខាងត្បូងបានរកឃើញករណីឆ្លង COVID-19 សរុប ២២,៥៨៣ករណី ក្នុងនោះស្លាប់ ៤២៩នាក់ និងជាសះស្បើយឡើងវិញមាន ១១,១០០នាក់ ខណៈអត្រាអ្នកឆ្លងប្រចាំថ្ងៃ គឺកំពុងមានការកើនឡើង។ ទោះជាបែបនេះក្តី អាហ្វ្រិកខាងត្បូងក៏បានពិចារណា អំពីការដកវិធានការរឹតត្បិតមួយចំនួន ចេញវិញផងដែរ ដើម្បីកុំឲ្យសេដ្ឋកិច្ចរងផលប៉ះពាល់ធ្ងន់ធ្ងរពេក៕